ពួកកសិករដែលកំពុងរង់ចាំការសងប្រាក់ចំពោះការលក់ស្រូវរបស់គេ គួរចូលរួមកម្លាំងជាមួយចលនាតវ៉ាប្រឆាំងរដ្ឋាភិបាលដើម្បីបណ្តេញរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា នេះបើតាមការអំពាវនាវរបស់ស៊ូថេប ធឿកស៊ូបាន កាលពីថ្ងៃម្សិលមិញ។
អគ្គលេខានៃគណៈកម្មាធិការកែទំរង់លទ្ធិប្រជាធិបតេយ្យ(PDRC)រូបនេះបាននិយាយថាកសិករគួរចូលរួមប្រឆាំងតវ៉ានៅក្រុងបាងកកសំរាប់ការជំរុញទឹកចុងក្រោយនៅចុងសប្តាហ៍នេះដើម្បីបណ្តេញរដ្ឋាភិបាល ហើយថា”ពួកអ្នកប្រឆាំងតវ៉ានៅបាងកកគួរស្វាគមន៍អ្នកដាំស្រូវនៅពេលពួកគេមកចូលរួម”។”យើងគួរត្រៀមខ្លួនដើម្បីផ្តួលរំលំរដ្ឋាភិបាល។បើយើងបង្ហាញមុខជាមួយកសិករ ខ្ញុំធានាថារដ្ឋាភិបាលនឹងមិននៅមានជីវិតទេ”។
លោកបានអះអាងថាPDRC បានរៃអង្គាសប្រាក់បានប្រមាណ២៥លានបាតពីអ្នកបរិច្ចាគដើម្បីជួយអ្នកដាំស្រូវដែលជួបបញ្ហានិងកំពុងរង់ចាំទទួលលុយពីរដ្ឋ។លោកក៏នឹងប្រើលុយនេះដើម្បីប្តឹងរដ្ឋាភិបាលចំពោះការខកខានមិនបានសងប្រាក់ដល់កសិករ និងរារាំងមិនអោយរដ្ឋាភិបាលខ្ចីលុយ ។
ក្នុងព្រឹត្តិការណ៍មួយទៀត តុលាការធម្មនុញ្ញកាលពីថ្ងៃពុធ បានច្រានចោលសំណើរបស់គណបក្សភឿថៃ អោយចោទប្រកាន់មេដឹកនាំបាតុកម្មលោកស៊ូថេប ធឿកស៊ូបាន និងមេដឹកនាំ១០នាក់ទៀតពីបទធ្វើការតវ៉ាប្រឆាំងដើម្បីផ្តួលរំលំរដ្ឋាភិបាលប្រជាធិបតេយ្យ។
តុលាការបាននិយាយថាករណីនេះមិនអាចទទួលយកបាន ពីព្រោះអ្នកប្រឆាំងតវ៉ាបានប្រើសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់គេនៅក្នុងការប្រឆាំងតវ៉ានឹងរដ្ឋាភិបាលដែលពីដំបូងចេញពីពង្រាងច្បាប់លើកលែងទោស និងការសម្តែងការមិនទុកចិត្តរបស់គេលើរដ្ឋាភិបាល៕