ខេត្តរតនគីរី ៖ អាជីវកម្ម រ៉ែមាស អាណាធិបតេយ្យ ក្នុងស្រុកអូរយ៉ាដាវ កំពុងតែធ្វើសកម្មភាព យ៉ាងគគ្រឹកគ្រេង ពុំមានអាជ្ញាធរ មូលដ្ឋាន ឬ ស្ថាប័ណ្ណពាក់ព័ន្ធ អើពើឡើយ។
ការជីកកកាយ និងបូម រ៉ែយកមាសនៅក្នុងដីទាំងនោះ ស្ថិតនៅភូមិតាកុកព្នង ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ត្រង់ចំណុចជើងភ្នំប៉ាង និងមួយកន្លែងទៀតស្ថិតនៅភូមិក្វែង ឃុំយ៉ាទង់ ស្រុកអូរយ៉ាដាវ ដោយប្រើដែកត្បែងជីកលុងបុក បំបែកថ្មរ៉ែ ជម្រៅរាប់សឹបម៉ែត្រ ដោយប្រើម៉ាស៊ីនរាប់សឹបគ្រឿង បូមយករ៉ែ មកកិន រែងយកមាស និងបុកបូមយករ៉ែតែម្ដង។
តាមការអោយដឹងពីកម្មនៅទីនោះបានបញ្ជាក់ថា ពួកគាត់ប្រកបមុខរបរជីកមាសនៅទីនេះតាំងពីឆ្នាំ១៩៩៨ មកម្លេះ។ រីឯប្រាក់កម្រៃ ដែលទទួលបាន ត្រឹមតែចិញ្ចឹមជីវិតតែប៉ុណ្ណោះ ចំណែកអ្នកដែលមានបានគឺថៅកែឯណោះទៅវិញទេ កម្មករខាងលើបានបន្តអោយដឹងទៀតថា កន្លងមកមានសមត្ថកិច្ច ចុះមកស្រង់ស្តិតិ ជាញឹកញាប់ដែរ តែគេពុំដឹងថា សត្ថកិច្ចអាជ្ញាធរមូលដ្ឋានទាំងនោះ មានកិច្ចការអ្វីបន្តជាមួយថៅកែទាំងនោះពាក់ព័ន្ធ និងរឿងអ្វីនោះទេ (ចំណុចនេះបានធ្វើអោយកម្មករនៅក្នុងការដ្ឋានបូមរ៉ែមាស ដាក់ការសង្ស័យ)?។
ពាក់ព័ន្ធនិងបញ្ហាធ្វើអាជីវកម្មរ៉ែមាសខាងលើ លោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ បានបញ្ជាក់ថា បញ្ហានេះ គួរតែសួរទៅមន្ទីរ រ៉ែនិងថាមពលវិញ ពីព្រោះការងារលោកបានធ្វើមួយជំហ៊ានហើយ លោកក៏បានធ្វើរបាយការណ៍ជូនឯកឧត្ដមអភិបាលខេត្តដែរ ។ លោកបានបន្តថា ការធ្វើអាជីវកម្មរ៉ែមាសនេះ ពុំមានច្បាប់អនុញ្ញាតិនោះទេ តែគេចេះតែលួចធ្វើ ពិបាកនឹងបង្ក្រាបណាស់។
លោក ហ៊ុន ប៊ុនថាន ប្រធានមន្ទីរ រ៉ែ និងថាមពល បានអោយដឹងថា លោកពុំបានដឹងទេ ព្រោះអាជ្ញាធរមូលដ្ឋានមិនបានរាយកាណ៍មកមន្ទីរទេ បើមានករណីនេះពិត លោកនិងចាត់កម្លាំង អោយទៅសហការណ៍ ជាមួយអាជ្ញាធរស្រុក ចុះទៅដល់កន្លែងធ្វើអាជីវកម្មនោះតែម្តង ។ លោកបានបន្តថា លោកឆ្ងល់ណាស់ ហេតុអ្វី បានជាអាជ្ញាធរស្រុកអោយសួរមកមន្ទីរទៅវិញ ? ៕
ឡុង សារ៉េត