រតនគីរី៖ ស្ត្រីជើងខ្លាំងរកស៊ីដឹកឈើប្រណិតល្មើសច្បាប់ ដែលមានប្ដីជាមេបញ្ជារង កងរាជអាវុធហត្ថខេត្តរតនគីរី ដែលគ្មានសមត្ថកិច្ច ឬជំនាញណា ហ៊ានប៉ះពាល់នោះ ថ្ងៃនេះត្រូវនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការខេត្តបង្ក្រាបបាន។
នៅព្រឹកព្រលឹម វេលាម៉ោង៥និង៣០នាទី ថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០១៤ នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការខេត្ត ដឹកនាំដោយលោក នូវ ដារ៉ា នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសស្នងការខេត្ត ស្ទាក់ចាប់បានរថយន្តលុចស៊ីស មួយគ្រឿង ពណ៌ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ.2G.9654 ដឹកឈើប្រណិតប្រភេទធ្នង់និងបេងពេញមួយរថយន្ត តាមបណ្ដោយផ្លូវលេខ៧៨អា ស្ថិតនៅភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី ត្រង់ចំណុចស្ពានឈើ ក្នុងទីរួមស្រុកអូរជុំ។
ក្នុងពេលចុះបង្ក្រាបនោះផងដែរ ស្ត្រីម្ចាស់ឈើដែលគេស្គាល់ថា ឈ្មោះ រ៉ា ជាប្រពន្ធរបស់លោក វិរៈសេនីយ៍ឯក នាង ក្វាយ មេបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានស្រែកឡូឡា ដៀលត្មេះសមត្ថកិច្ច ព្រមទាំងយកសាំង បំរុងចាក់ដុតរថយន្ត និងពោលពាក្យថា គាត់បង់លុយអោយជារៀងរាល់ខែ ទើបតែខែនេះយឺត ពីរ-បីថ្ងៃសោះ ហេតុអ្វីក៏ចាប់ឡានគាត់។
ជុំវិញនិងការចោទប្រកាន់ពីស្ត្រីខាងលើ លោក ឯក នូវ ដារ៉ា នាយការិយាល័យនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានអោយដឹងយ៉ាងការិយាល័យនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់លោកមិនជាប់ពាក់ព័ន្ធ នឹងបទល្មើសព្រៃឈើដូចការចោទប្រកាន់នោះឡើយ។ ការចោទប្រកាន់របស់ស្ត្រីខាងលើគឺជាការចោទប្រកាន់ទាំងទទឹងទិស។
គួរបញ្ជាក់ថា បច្ចុប្បន្នវត្ថុតាងរថយន្ត និងឈើចំនួន៣១ដុំ បញ្ជូនអោយខ័ណ្ឌរដ្ឋបាលព្រៃឈើ នាព្រឹកថ្ងៃដដែលនេះផងដែរ៕
ឡុង សារ៉េត