ក្រុ​ម​ហ៊ុន​ ទ្រី ​ភាព ​បន្ត​កាប់​និង​ដឹក​ឈើ​អាង​វារីអ​គ្គិស​នី

ពោធិ៍សាត់ៈ ​លោក​ឧកញ៉ា ទ្រី ភាព ដែល​ទទួល​បាន​សិទ្ធិ​ប្រមូល​ឈើ​ដើម្បី​ស្តារ​បាត​អាង​វារី​អគ្គិសនី​ស្ទឹង អាតៃ ស្ថិត​នៅ​ក្នុង​ជួរ ភ្នំ ក្រវាញ ភាគ​កណ្តាល ស្រុក វាលវែង ខេត្ត ពោធិ៍សាត់ ថា​បាន​យក​លេស​ស្តារ​បាត​អាង​ដើម្បី​ដឹក​ឈើ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​បើ​ទោះ​ជា​ទឹក​ពេញ​ផ្ទៃ​អាង​វារី​អគ្គិសនី​ក៏​ដោយ។លោក អ៊ូច ឡេង នាយក​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ឲដឺង ​ថា សព្វ​ថ្ងៃ​នេះ​វារី​អគ្គិសនី​ស្ទឹង អាតៃ បាន​និង​កំពុង​រៀបចំ​ឲ្យ​ដំណើរការ​ទៅ​ហើយៗ​ទឹក​ក៏​ពេញ​ផ្ទៃ​អាង​ទៀត តើ​ក្រុមហ៊ុន​នោះ​នៅ​កាប់​ព្រៃ​ស្តារ​បាត​អាង​ដល់​ពេល​ណា​ទៀត? លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «តាម​ពិត​គេ​គ្រាន់​តែ​ប្រើ​អាជ្ញាប័ណ្ណ​នេះ សម្រាប់​នាំ​ឈើ​ចេញ​ឲ្យ​ស្រប​ច្បាប់​តែ​ប៉ុណ្ណោះ»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​វិនិយោគ​នៅ​ប្រទេស កម្ពុជា អ្វី​ដែល​គេ​សម្លឹង​សំខាន់​នោះ​គឺ​ព្រៃ ហើយ​បើ​ក្រឡេក​មើល​តម្លៃ​ដែល​ក្រុមហ៊ុន​នេះ​ដេញ​ថ្លៃ​ស្ងាត់ៗ​ជាមួយ រដ្ឋាភិបាល​នោះ​គឺ​វា​ថោក​បំផុត​បើ​ប្រៀប​ធៀប​តម្លៃ​ឈើ​នៅ​តាម​ទីផ្សារ។ ក្រុមហ៊ុន លោក​ឧកញ៉ា ទ្រី ភាព មិន​ត្រឹម​តែ​មាន​សិទ្ធិ​ប្រមូល​កាប់​ឈើ​ស្តារ​អាង​ស្តុក​ទឹក​វារី​អគ្គិសនី​ស្ទឹង អាតៃ ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​សិទ្ធិ​ប្រមូល​ទិញ​និង​កែច្នៃ​វល្លិ​រមៀត ទិញ​ឈើ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត រតនគិរី ផ្តាច់​មុខ ប្រមូល​ទិញ​ឈើ​ប្រណីត​នៅ​ក្នុង​ស្រុក រវៀង និង​ស្រុក ជ័យសែន នៅ​ក្នុង​ខេត្ត ព្រះវិហារ ទៀត​ផង និង​មាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​ជម្រក​សត្វ​ព្រៃ បឹងពែរ នៅ​ខេត្ត ព្រះវិហារ និង នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ សំកុស ខេត្ត ពោធិ៍សាត់។

បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ម្នាក់​ដែល​ធ្វើ​ការ​ផ្នែក​បរិស្ថាន នៅ​តាម​ជួរ​ភ្នំ ក្រវាញ ភាគ​កណ្តាល សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​តំបន់​ភូមិ អូរចន្លុះ ឃុំ អូរសោម ដែល​ជា​កន្លែង​ក្រុមហ៊ុន អឹមឌីអេស ទទួល​បាន​សិទ្ធិ​ប្រមូល​និង​កាប់​ឈើ​ដើម្បី​ស្តារ​បាត​អាង​គឺ​អាង​វារី​អគ្គីសនី​ស្តុក​ទឹក​ពេញ​អាង​អស់​ហើយ ហើយ​តំបន់​នោះ​ក៏​គ្មាន​ឈើ​ទៀត​ដែរ។ លោក​ថា៖ «តាម​ពិត​ក្រុមហ៊ុន​នេះ​យក​លេស​ទទួល​បាន​អាជ្ញាប័ណ្ណ​ស្តារ​បាត​អាង​គឺ​ដើរ​ប្រមូល​ឈើ​ពី​កន្លែង​ផ្សេង​យក​មក​ទុក​នៅ​ក្នុង​តំបន់​នេះ​រួច​ដឹក​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ស្រប​ច្បាប់»។

លោក​ឲ្យ​ដឹង​ថា​ក្នុង​មួយ​ថ្ងៃៗ​ក្រុមហ៊ុន​នេះ​បាន​ដឹក​ឈើ​ចេញ​តាម​រយៈ​ឡាន យឺឌុប យ៉ាង​ហោច​ណាស់​ពី ១០ ទៅ ២០ ឡាន​ហើយ​ឈើ​ទាំង​នោះ​គឺ​ប្រមូល​ចេញ​ពី​តំបន់​សម្បទាន​សេដ្ឋកិច្ច រួច​ដឹក​ទៅ​ស្តុក​ទុក​ក្នុង​ក្រុមហ៊ុន​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៤ រួច​កែច្នៃ​ជា​គ្រឿង​សង្ហារិម​ដឹក​ចូល​កំពង់ផែ​នាំ​ចេញ​ទៅ​ប្រទេស ចិន។

លោក​ថា៖ «សកម្មភាព​នោះ​គឺ​ខុស​ទាំង​ស្រុង ប៉ុន្តែ​គេ​យក​លេស​ស្តារ​បាត​អាង តើ​យើង​នៅ​សល់​ព្រៃ​អី​ទៀត?»។

យោង​ទៅ​តាម​រូបភាព​ដែល​ថត​ពី​ខាង​លើ​អាង​វារី​អគ្គិសនី​ដែល​ផ្តល់​ដោយ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ បាន​បង្ហាញ​ថា អាង​វារី​អគ្គិសនី​ស្ទឹង អាតៃ ពោរ​ពេញ​ទៅ​ដោយ​ទឹក ហើយ​នៅ​ក្នុង​តំបន់​ភូមិ អូរចន្លុះ ឃុំ អូរសោម ពុំ​មាន​ឈើ​ទៀត​ទេ។

វារី​អគ្គិសនី ស្ទឹង អាតៃ របស់​ក្រុមហ៊ុន ចិន ឈ្មោះ​ថា ខេមបូឌា ហាយដ្រូផៅវើ ឌីវើឡុបមែន ត្រូវ​បាន​សម្ពោធ​ឲ្យ​ដំណើរការ​សាងសង់​នៅ​ថ្ងៃ ទី៨ ខែ ឧសភា ឆ្នាំ ២០០៨។ គម្រោង​វារី​អគ្គិសនី​ស្ទឹង អាតៃ មាន​អានុភាព ១២០ មេហ្គាវ៉ាត់ ដែល​កំពុង​សាង​សង់​ស្ថិត​នៅ​កណ្ដាល​ទ្រូង​ព្រៃ​នៃ​ជួរ​ភ្នំ ក្រវាញ នា​មាត់​ស្ទឹង អាតៃ តំបន់​ត្រីកោណ រវាង​ខេត្ត ពោធិ៍សាត់ កោះកុង និង​កំពង់ស្ពឺ នឹង​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០១៣ កន្លង​មក ប៉ុន្តែ​នៅ​ថ្ងៃ ទី១ ខែ ធ្នូ ២០១២ ទំនប់​វារី​អគ្គិសនី​ស្ទឹង អាតៃ បាន​ធ្លាយ​បំពង់​ទុយោ​ទំនប់​បណ្តាល​ឲ្យ​កម្មករ​បម្រើ​ការ ៥ នាក់​នៅ​ទី​នោះ​បាន​រង​របួស​ធ្ងន់-ស្រាល និង ៤នាក់ ផ្សេង​ទៀត​បាន​បាត់​ខ្លួន។

លោក ឡោ រស្មី អគ្គ​លេខាធិការ​ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ដែល​ចុះ​ហត្ថលេខា លើ​កិច្ចសន្យា និង​លោក ឃន សារ៉េត ប្រធាន​នាយកដ្ឋាន​ព្រៃឈើ​និង​សហគមន៍​ព្រៃឈើ ក៏​ពុំ​អាច​ទាក់​ទង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ដែរ។

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​តាមដាន​សង្គម, ព័ត៌មានថ្មី, ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment