អាជ្ញាធរ​ក្រុង​បាន​លុង​និង​ត្រៀម​ចាត់​វិធានការ​យ៉ាង​ក្ដៅគគុក​ទៅ​លើ​ក្រុមហ៊ុន​វិនិយោគ​ផ្សារ​បាន​លុង​

​ខេត្ត​រតនគីរី ៖ ភាពចំរូងចំរាស់ រវាង​អាជ្ញាធរ​ក្រុង​បាន​លុង និង​ក្រុមហ៊ុន វិនិយោគ​ផ្សារ​ក្រុង​បាន​លុង  កំពង់​កើតមានឡើង យ៉ាង​ក្ដៅគគុក  លើ​ទីធ្លា​ដី​សាធារណៈ ខាង​មុខ​ផ្សារ និង បរិវេន​ជុំវិញ ក្រៅ​ផ្សារ​បាន​លុង​។​

​អាជ្ញាធរ​ក្រុង​បាន​លុង បាន​ចេញ​លិខិត​មួយច្បាប់ កាលពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤ ជូន​ដល់​លោក​ឧកញ៉ា សា លាង ដែល​ជា​ម្ចាស់ ក្រុមហ៊ុន ហេង ដា​រា វិនិយោគ​ផ្សារ​ក្រុង​បាន​លុង  ដោយ​តម្រូវឲ្យ ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា  បញ្ឈប់​ការប្រមូល​ភាស៊ី គ្រប់​ប្រភេទ​នៅ​បរិវេណ​ជុំវិញ​ក្រៅ​ផ្សារ​បាន​លុង និង​បញ្ឈប់​ការ យក​ទីធ្លា​ដី​ទំនេរ ខាង​មុខ​ផ្សារ​បាន​លុង  ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ ធ្វើជា​កន្លែង​ផ្ញើរ​កង់ ម៉ូតូ និង​រថយន្ត  ចាប់តាំងពី​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០១៥ ជា​កំហិត  បើ​មិន​ដូច្នោះ​ទេ អាជ្ញាធរ​ក្រុង​បាន​លុង និង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន ហើយ​មិន​ទទួលខុសត្រូវ ចំពោះ​ការខូចខាត ឬ បាត់បង់​ទ្រព្យសម្បត្តិ​ផ្សេងៗ របស់​សហគ្រាស ហេង ដា​រា ដែល​ស្ថិត​នៅលើ​ទីតាំង​ដី​នេះឡើយ​។​

​លោក អ៊ុក សំអុល អភិបាលក្រុង​បាន​លុង បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​យើង​ថា លោក​និង​អនុវត្ត​វិធានការ តាមច្បាប់ ក្នុង​ខ្លឹមសារ នៃ​លិខិត​ដែល​បាន​ជូនដំណឹង កាលពី​ថ្ងៃ​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤ នោះ តែ​មិន​បាន​កំណត់​ថា ធ្វើ​នៅ​ពេល​ណា​នោះទេ​។​

​ក្រោយពី​បាន​ទទួល​លិខិត​ជូនដំណឹង​ពី​សាលាក្រុង​បាន​លុង លោក​ឧកញ៉ា សា លាង ប្រធាន​ក្រុមហ៊ុន ហេង​ដា​រា វិនិយោគ​ផ្សារ​ក្រុង​បាន​លុង បាន​ចេញ​លិខិត​មួយច្បាប់ ច្រានចោល​នូវ​ខ្លឹម ក្នុង​លិខិត​របស់​អាជ្ញាធរ​ក្រុង​។ ដោយ​ផ្អែក​ទៅលើ កិច្ចសន្យា​សៀវភៅ​បន្ទុក ដែល​ទទួលស្គាល់​ដោយ ក្រសួង​សេដ្ឋកិច្ច  ហិរញ្ញវត្ថុ  ក្រសួងមហាផ្ទៃ និង​ចំណា​ឯកភាព​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ឧកញ៉ា សា លាង នាយក​ក្រុមហ៊ុន ហេង​ដា​រា វិនិយោគ ផ្សារ​ក្រុង​បាន​លុង បាន​បញ្ជាក់​តាម​ទូរស័ព្វ នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៥ នេះ​ថា ចំពោះ​អាជ្ញាធរ​ក្រុង ចាត់​វិធានការ​យ៉ាងណា​មកលើ​ដែន​សមត្ថកិច្ច របស់​លោក​នោះ ជា​រឿង​របស់​គេ​ទទួលខុសត្រូវ​ចំពោះ​ច្បាប់​។ ដោយឡែក លោក​ឧកញ៉ា​វិញ ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល អ្នកសម្រេច ដូច្នេះ​ទាល់តែ អ្នកសម្រេច ធ្វើការ​សម្របសម្រួល ទើប​លោក​ទទួលយកបាន​។​

​គួរបញ្ជាក់​ថា ទីធ្លា​ដី​ទំនេរ​សាធរណៈ​របស់​រដ្ឋ ដែល​មាន​ការ​ចំរូងចំរាស់​នោះ​មាន​ផ្ទៃដី ៥៤​ម៉ែត្រ គុណ​និង ១០០​ម៉ែត្រ  បច្ចុប្បន្ន ក្រុមហ៊ុន​វិនិយោគ​ផ្សារ​ធ្វើជា​កន្លែង ផ្ញើ​ម៉ូតូ និង​ចំណតរថយន្ត ៕
​ឡុង សារ៉េត​

a a-(1) a-(2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment