ព្រៃ​សហគមន៍​ភូមិ​ចា​អ៊ុង​កូវ កំពុង​រង​នូវ​ការកាប់បំផ្លាញ​ពី​ក្រុម​ឈ្មួញ​ច្រៀក​ធ្វើជា​ជន្លុង​ម្រេច​

​ខេត្ត​រតនគីរី ៖ ក្រុម​ឈ្មួញ​កំពង់​ដាក់​ម៉ាស៊ីន​ត្រង់​ស៊ីណ័រ​ជាច្រើន​គ្រឿង កាប់បំផ្លាញ​ពុះ​ជ្រៀក​ឈើ​ព្រៃ​សហគមន៍ ធ្វើ​ជា​ជន្លុង​ម្រេច និង​កាប់រំលំ​ដើមឈើ​យក​ដី ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។​

​ដី​ព្រៃ​សហគមន៍​ភូមិ​ចា​អ៊ុង​កូវ ឃុំ​ចា​អ៊ុង ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី កំពង់​រង​នូវ​ការកាប់បំផ្លាញ​យ៉ាង​រំ​គៀល ពី​សំណាក់​ក្រុម​ឈ្មួញ នូវ​ដើម​ផ្ចឹក ដើម​រាំង សុ​ក្រំ មិន​ថា​តូច មិន​ថា​ធំ អោយ​តែ​គេ​អាច​ពុះ​ជ្រៀក ធ្វើ​ជា​ជន្លុង​ម្រេច​បាន ដឹកយក​ទៅ​លក់ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រជាពលរដ្ឋ នៅ​ភូមិ​កា​ចាញ សង្កាត់​កា​ចាញ មក​កាប់​ដុត​បំផ្លាញ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន បន្ថែមទៀត ដោយ​ពុំ​មាន​ការទប់ស្កាត់ ពី​សហគមន៍ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឡើយ​។​

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចា​អ៊ុង​កូវ បានអោយដឹងថា មេ​ឈ្មួញ​ដែល​ដាក់​ម៉ាស៊ីន​ត្រង់​ស៊ីណ័រ​ពុះ​ជ្រៀក​ឈើ​ធ្វើ​ជន្លុង​ម្រេច​ដឹកយក​ទៅ​លក់​ជា​រៀងរាល់​ថ្ងៃ​នោះ មានឈ្មោះ រដ្ឋា ត្រូវជា​កូនប្រសា​លោក សាក់ សុន ប្រធាន​ក្រុមប្រឹក្សា​ស្រុក​អូរ​ជុំ មាន​លំនៅ​ក្នុង ក្រុង​បាន​លុង ហើយ​មិន​ដែល​ឃើញ សហគមន៍​ភូមិ​គ្រប់គ្រង​ព្រៃឈើ ឬ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​ម្ដង​ណា​ទេ​។​

​លោក ត្រេ​ន ឡំ អនុប្រធាន​សហគមន៍​ព្រៃឈើ​ភូមិ​ចា​អ៊ុង​កូវ និង​ជា​ប្រធាន​សហគមន៍​ទឹកធ្លាក់​ចា​អ៊ុង បានអោយ​ដឹង​នៅ​រសៀល​ថ្ងៃទី​៤ ខែ​មិនា ឆ្នាំ​២០១៥​ថា បញ្ហា​គេ​កាប់​ឈើ​ក្នុងព្រៃ​សគម​ន៍​លោក​ពុំ​បានដឹង​ទេ ពីព្រោះ​លោក​ជា​អនុប្រធាន ការងារ​នេះ​សួរ​ទៅ​លោក អាង ចន្ថា​ទៅ​គេ​ជា​ប្រធាន​សហគមន៍​។​

​ចំណែក​លោក អាង ចន្ថា វិញ​បាន​ប្រាប់​អ្នក​សា​ព័ត៌មាន​យើង​តាម​ទូរស័ព្វ​នៅ​រសៀល​ថ្ងៃ​នេះ​ដែរ​ថា លោក​មិន​ដឹង​ទេ ពីព្រោះ​លោក​មិនមែន​ជា​ប្រធាន​សហគមន៍​ទេ គាត់​នៅ​ក្រុមប្រឹក្សាឃុំ​។​

​លោក ពា​ល់ អយ មេឃុំ​ចា​អ៊ុង បាន​បញ្ជាក់​តាម​ទូរស័ព្វ​នៅ​ល្ងាច​ថ្ងៃនេះ​ដែរ​ថា លោក អាង ចន្ថា ជា​ប្រធាន​សហគមន៍​គ្រប់គ្រង​ព្រៃឈើ បញ្ហា​គេ​ដឹក​ជន្លុង​ម្រេច​គាត់​បាន​ឃើញ​រថយន្ត​កែច្នៃ​ដឹក​ជញ្ជូន​ជា​រៀងរាល់ថ្ងៃ តែ​គាត់​ពុំបាន​ដឹងថា​ជា​របស់​អ្នកណា​នោះ​ទេ ។​

​លោក មូល សំ​វាំង នាយ​រដ្ឋបាល​ព្រៃឈើ​ទទួលបន្ទុក​៣​ស្រុក គឺ​ស្រុក​អូរ​ជុំ វើន​សៃ តា​វែង បាន​បញ្ជាក់​អោយដឹង​តាម​ទូរស័ព្វ​នៅ​ល្ងាច​ថ្ងៃនេះ​ដែរ​ថា ព្រៃ​សហគមន៍​ដែល​ជំនាញ​រដ្ឋបាល​ព្រៃ​បាន​ប្រគល់​អោយ​សហគម​ន៍ គឺប្រធាន​សហគមន៍​ជា​អ្នកគ្រប់គ្រង ហើយ​មាន​សិទ្ធ​ចាត់ចែង អោយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​កាប់​ប្រើប្រាស់ ជា​លក្ខណៈ​គ្រួសារ​បាន តែ​មិន​អនុញ្ញាតិ​អោយ​ធ្វើ​អាជីវកម្ម​ឡើយ​។​ករណី​កាប់​បំផ្លាញ​ខាងលើ ជា​លក្ខណៈ អាជីវកម្ម និង​កាប់​ដុត​បំផ្លាញ​ព្រៃស្រោង​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ ពិតជា​ខុសច្បាប់​ទាំងស្រុង​ហើយ​។ ហើយ​បញ្ហា​នេះ​លោក​ពុំបាន​ដឹង​ទេ ពីព្រោះ​ប្រធាន​សហគមន៍ ឬ​អាជ្ញាធរ​មូលដ្ឋាន ក៏​មិន​បាន​រាយការណ៍​ជូន​លោក​ដែរ​។ លោក​បន្ត​ទៀត​ថា លោក​និង​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ក្នុង​ពេល​ឆាប់ៗ​នេះហើយ​។​

​ក៏​ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែ​មិនា នេះ​គេ​បាន​ឃើញ​រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​ដឹក​ជន្លុង​ម្រេច ហើយ​គេ​បាន​រាយការណ៍​ជូន​លោក មូល សំ​វាំង នាយ​រដ្ឋបាល​ផ្នែក​ស្រុក​អូរ​ជុំ លោក​បាន​ត្រឹម​ថា អោយ ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ចុះ​ទៅ​ហើយ​។ ដោយឡែក​គេ​បាន​ឃើញ​រថយន្ត​ដឹក​ជន្លុង​ម្រេច​នោះ ធ្វើ​ចរាចរណ៍​យ៉ាង​រលូន ពុំ​កោតញញើត​សមត្ថកិច្ច ដោយ​ឆ្លងកាត់​ពី​មុខ​ស្នាក់ការ​ផ្នែក​លំផាត់ និង​សង្កាត់​ក្រុង​បាន​លុង​យ៉ាង​រំភើយ​។​

​គួររំលឹកថា ការធ្វើ​អាជីវកម្ម​ចែកចាយ​ជន្លុង​ម្រេច​ខាងលើនេះ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន​ទេនោះ គ្មាន​អ្នកណា​ម្នាក់​អាច​ធ្វើ​សកម្មភាព​បាន​ដោយ​រលូន​នោះឡើយ​៕
​ដោយ ឡុង សារ៉េត​

 

2015_03_06-(1) 2015_03_06-(2) 2015_03_06-(3)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment