ខេត្តរតនគិរី៖ ទីតាំងស្តុកឈើប្រណិតខុសច្បាប់ផ្ទះវៀតណាមមួយកន្លែងត្រូវព្រះរាជអាជ្ញារងសាលាដំបូងខេត្តដឹកនាំកម្លាំងចម្រុះយុទ្ធនាការចុះបង្ក្រាបកន្លែងស្តុកឈើនេះ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥នេះ។ ទីតាំងស្តុកឈើនោះត្រូវគេស្គាល់ម្ចាស់ផ្ទះឈ្មោះ ស៊ុន សុខ (ហៅបេ) ជាជនជាតិវៀតណាម ស្ថិតនៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ដែលបើកធ្វើអាជីវកម្មកែច្នៃឈើប្រណិតខុសច្បាប់ និងមានទិញដីចំនួន៣កន្លែងផងដែរសំរាប់ស្តុកឈើប្រណិតប្រភេទធ្នង់ និងឈើប្រណិតផ្សេងទៀតនៅក្នុងខេត្ត។
ប្រភពពត៌មានពីសមត្ថកិច្ច(សុំមិនបង្ហាញឈ្មោះ)បានឲ្យដឹងថា ជនជាតិវៀតណាម ខាងលើនោះគឺជាមេឈ្មួញរកស៊ីជំនួញឈើប្រណិតខុសច្បាប់ជាច្រើនឆ្នាំមកហើយ ហើយក៏ធ្លាប់ត្រូវសមត្ថកិច្ចបង្ក្រាបចំនួន៣លើកមកហើយ។ ប៉ុន្តែជនល្មើសរូបនេះនៅតែមិនរាងចាលឡើយ សង្ស័យមានខ្នងបង្អែកក្នុងខេត្តរតនគិរីនៅខាងក្រោយខ្នងរបស់ឈ្មួញជនជាតិវៀតណាមរកស៊ីបទល្មើសឈើប្រណិតខុសច្បាប់ខាងលើនេះ។
ជាក់ស្តែង នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ទីតាំងស្តុកឈើផ្ទះវៀតណាមខាងលើនេះត្រូវកម្លាំងជំនាញរដ្ឋបាលព្រៃឈើផ្នែកលំផាត់សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្នងការខេត្ត កងរាជអាជអាវុធហត្ថក្រុងបានលុង ដឹកនាំដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តចុះឆែកឆេរទីតាំងស្តុកឈើមួយកន្លែង និងរឹបអូសវត្ថុតាងឈើប្រណិតប្រភេទធ្នង់ចំនួនជាងពីរគោយន្តកែច្នៃ និងរថយន្តស៊េរីទំនើបពីគ្រឿងទៀត នៅក្នុងរថយន្តដាក់ឈើប្រណិតពេញបំរុងយកទៅលក់នៅប្រទេវៀតណាម បានយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីអោយម្ចាស់ចូលខ្លួនទៅដោះស្រាយនឹងផាក់ពិន័យទៅតាមផ្លូវច្បាប់ព្រៃឈើ៕
ឡុង សារ៉េត