ខេត្តសៀមរាប ៖ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងអង្គភាពក្រុងសៀមរាបបានឱ្យដឹងថា លោក សូរ ប្លាតុង ហៅ(ឈិន)អភិបាលនៃគណៈអភិបាលក្រុងសៀមរាប កំពុងប្រព្រឹត្តសកម្មភាពដ៏ខ្មៅកខ្វក់ ដោយឃុបឃិតគ្នាជា លក្ខណៈប្រព័ន្ធ បក្ខពួកនិយមបង្កើតភាពស៊ីសំណូកសូកប៉ាន់យ៉ាងគគ្រឹកគគ្រេង បង្កភាពអនាធិបតេយ្យយ៉ាងពេញបន្ទុក នៅក្នុងក្រុងសៀមរាបតាមរយៈរដ្ឋបាល និងមន្ត្រីរាជការក្រោមឱវាទ ដោយមិនគោរពច្បាប់ការងាររដ្ឋបាលរបស់រដ្ឋ ពោលគឺ លោក សូរ ប្លាតុង ហៅ(ឈិន)ដឹកនាំអង្គភាពតាមបែបអគតិ ខ្វះសមត្ថភាព និងផ្តាច់ការ ជាពិសេសតែងតែប្រព្រឹត្តអំពើពុក រលួយជាទម្លាប់រហូត ។
លើសពីនេះ លោកអភិបាល សូរ ប្លាតុង ហៅឈិន រូបនេះ បានបញ្ឈរជើងបុគ្គលិកមន្ត្រីរាជការក្រោមឱវាទណា ដែលមានការ ទន់ខ្សោយ ឬអ្នកដែលបាន តវ៉ាសួរនាំដេញដោលនៅពេលប្រជុំម្តងៗ ដែលជាមុខសញ្ញាឆ្អឹងទទឹងករបស់ លោកអភិបាលកត់សម្គាល់ទុកមិនប្រគល់ការងារ ជូននោះឡើយ ។
ប្រភពព័ត៌មានដដែលបានឱ្យដឹងថា លោក សូរ ប្លាតុង ហៅ(ឈិន)អភិបាលនៃគណៈអភិបាលក្រុងសៀមរាប មិនប្រគល់ការងារជូនមន្ត្រីក្រោមឱវាទណាដែលគាត់មិនពេញចិត្តនោះទេ បើទោះបីជាមន្ត្រីរូបនោះខិតខំបំពេញភារកិច្ច ការងារតួនាទីរបស់ខ្លួនបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋយ៉ាងសកម្មយ៉ាងណាក៏ដោយដូចជា លោក ឌី ប៊ុនហាក់ ជាមន្ត្រីក្រុងសៀមរាប ដែលជាមន្ត្រីស្លូតត្រង់តស៊ូបម្រើការងារជូនជាតិមាតុភូមិ និងប្រជាជនតាំងពីឆ្នាំ ១៩៧៩ មកដល់បច្ចុប្បន្ននេះក៏ លោក សូរ ប្លាតុង ហៅឈិន បានប្រើសំដីអសុរោះប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរសព្វបែបយ៉ាង និងបញ្ឈរជើងដោយគ្មានប្រគល់ការងារភារកិច្ចឱ្យធ្វើទាល់តែសោះ ព្រោះតែផល ប្រយោជន៍របស់គាត់ និងបក្ខពួកខ្លាចបាត់បង់ចំណូលសេដ្ឋកិច្ចចូលហោប៉ៅ ដែលបានពីការប្រព្រឹត្តអំពើពុករលួយ ។
ប្រភពបានបន្តថា លោក សូរ ប្លាតុង ហៅឈិន កំពុងកុងកាច់ជាមួយលោក ឌី ប៊ុនហាក់ ដោយសារតែលោក ឌី ប៊ុនហាក់ មានប្រជាប្រិយភាពជាងខ្លួនគាត់ ព្រោះតែមានជំនាញបច្ចេកទេសសមត្ថភាពធ្វើការងារបានល្អ ដែលជាមន្ត្រីសកម្ម មានបទពិសោធន៍យូរឆ្នាំ បានតស៊ូបម្រើជាតិ ប្រជាពលរដ្ឋ និងការងារចុះជួយពង្រឹងបក្ស (គណបក្សប្រជាជន)ក្នុងសង្កាត់ ក្របីរៀល ក្រុងសៀមរាប និងថ្មីៗនេះក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ក្រោមការដឹកនាំដ៏ឆ្លាតវៃនៃ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មសំណង់ បានចាត់តាំង ឱ្យលោក ឌី ប៊ុនហាក់ ចុះជួយពង្រឹងបក្សនៅឃុំគរគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានឯកឧត្តម ឌី ដារ៉ាវុធ ជាប្រធានក្រុមការងារគណៈពង្រឹងនៅទីនោះទៀតផង ។
ទាក់ទិននឹងករណីប្រព្រឹត្តអំពើពុករលួយរបស់ លោក សូរ ប្លាតុង ហៅឈិន អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ដែលកំពុងបែកធ្លាយពេញខេត្តសៀមរាបនេះ ក៏ត្រូវបានមជ្ឈដ្ឋានប្រជាពលរដ្ឋទូទាំងប្រទេសកំពុងរង់ចាំមើលចំណាត់ការថ្នាក់ លើចាត់វិធានការបែបណាជាពិសេស ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និង សំណង់ ច្បាស់ជាប្រាកដមិនលើកលែងចំពោះជនណាដែលបានប្រព្រឹត្តអំពើពុករលួយមិនគោរពច្បាប់នោះឡើយ ។
អង្គភាពប្រឆាំងអំពើពុករលួយ ដែលមាន ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ជាសេនាធិការដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រាកដ ចុះទៅស៊ើបអង្កេតករណីអំពើពុករលួយនៅក្នុង ក្រុងសៀមរាប ដែលមានលោក សូរ ប្លាតុង ហៅឈិន កំពុងល្បីល្បាញដែលគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយយ៉ាងពិត ប្រាកដនោះ នឹងត្រូវទទួលទោសទៅតាមផ្លូវច្បាប់ជាធរមាន ។
សារព័ត៌មានយើងពុំអាចធ្វើការទំនាក់ទំនងជាមួយលោក សូរ ប្លាតុង បានទេ ខណៈដែលភ្នាក់ងារព័ត៌មានយើងព្យា យាមសុំជួបជាច្រើនលើកច្រើនសារពុំបានសម្រេច ៕