ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ខិតខំយកចិត្តទុកដាក់ធ្វើការកែទម្រង់យ៉ាងសកម្ម ដើម្បីធានាដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ នាបច្ចុប្បន្ន និងទៅអនាគត ។
រយៈពេលកន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន បង្កើតច្បាប់ និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីទប់ស្កាត់សកម្មភាពពុករលួយ និងចេញបទបញ្ជាលេខ ០១ ប.ប ចុះថ្ងៃ ទី ០៩ ខែតុលា ឆ្នាំ២០១៦ ក្នុងហេតុផលបញ្ចៀសដល់ការប៉ះពាល់ចំណូលពន្ធរដ្ឋ និងការប្រកួតប្រជែងពាណិជ្ជកម្ម ហើយកម្លាំង គ្រប់ប្រភេទ និងអាជ្ញាធរដែនដីឱ្យចូលរួមប្រតិបត្តិការបង្ក្រាបបទល្មើសឱ្យបានសកម្ម ដោយចែកចេញជា ០២ប្រភេទ គឺប្រភេទទី ១ លំដាប់ថ្នាក់ជាតិ ដោយអន្តរក្រសួង និងប្រភេទទី ២-លំដាប់ថ្នាក់មធ្យម គឺត្រឹមថ្នាក់ខេត្ត-រាជធានី ។
តាមការកត់សម្គាល់សង្កេតឃើញថា បទល្មើសគេចពន្ធកើតមានគ្រប់ច្រកល្ហកទីកន្លែងតាមឃ្លាំនានាបន្លំចូលជាមួយ នឹងអីវ៉ាន់បង់ពន្ធត្រឹមត្រូវស្តុកតាមឃ្លាំងយ៉ាងច្រើនកុះករក្នុងរាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីពាណិជ្ជករ អាជីវករ និងឈ្មួញរកស៊ីតូច-ធំ នៅរាជធានីភ្នំពេញ បានឱ្យព័ត៌មានយើងទាំងក្តៅក្រ ហាយដឹងថា សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ដែលមានលោក ភេ សុមុន្នី ជាប្រធានសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នោះបានបែងចែកកូនចៅក្រោមឱវាទ ជាច្រើនក្រុមដើរប្រើអំណាចពាក្យសម្តីបង្អាក់បង្ទុចគំរាមកំហែងបំភិតបំភៃប្រមូលលុយតាមរបៀបពុករលួយតាមបណ្តាឃ្លាំង តូច-ធំ ស្តុកទំនិញក្នុងរាជធានីភ្នំពេញទាំងមូល មិនថាទំនិញទាំងអស់នាំចូលដោយគេចពន្ធក្តី ឬនាំចូលដោយបង់ពន្ធត្រឹមត្រូវក្តី ក៏គយជាកូនចៅរបស់លោក ភេ សុមុន្នី ទាមទារឱ្យបង់តាមទំនើងចិត្តតាមការត្រូវការតម្រូវតាមបទបញ្ជារបស់មេ បើមិនធ្វើ តាមគេទេ គេនឹងគូសរូសទាមទារសើរើរុះរើទំនិញក្នុងឃ្លាំង ទាមទារពិនិត្យផ្ទៀងផ្ទាត់នូវឯកសារទាក់ទងទំនិញភ្លាមៗតែម្តង ហើយចោទប្រកាន់ថា ឯកសារទាក់ទងទំនិញនេះវាអញ្ចោះវាអញ្ចុះតែដល់ប្រគល់លុយឱ្យភ្លាម គឺស្ងាត់ជ្រាបទៅវិញ ។
តាមប្រភពព័ត៌មានពីអ្នកធ្វើអាជីវកម្មខ្លះបានឱ្យដឹងថា សព្វថ្ងៃពួកគេរកស៊ីនេះ ត្រូវបង់លុយឱ្យលោក ភេ សុមុន្នី មេគយ និងរដ្ឋាកររាជធានីភ្នំពេញផង និងសម្រាប់គយដែលមានភារកិច្ចមកប្រមូលលុយតាមកន្លែងអីវ៉ាន់ផង ដែលជាហេតុ ធ្វើឱ្យយើងខ្ញុំអ្នករកស៊ីត្រូវប្រឈមការលំបាកយ៉ាងខ្លាំងក្នុងមុខរបររកស៊ីនេះ ។
តាមប្រភពពីមន្ត្រីរាជការ និងសមត្ថកិច្ចមួយចំនួននៅរាជធានីភ្នំពេញ បានលើកឡើងថា លោក ភេ សុមុន្នី ប្រធានសា ខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ហ៊ានធ្វើអ្វីៗទាំងអស់តាមអំពើចិត្ត ដោយមិនក្រែងរអែងខ្លាចញញើតអ្វីឡើយ ព្រោះមាន ខ្នងបង្អែកក្រាស់រឹងមាំនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រហែលជាមេគយធំហើយមើលទៅ ទើប លោក ភេ សុមុន្នី បង្កើត មនុស្សស្និទ្ធរបស់ខ្លួន ជាក្រុមៗជារចនាសម្ព័ន្ធរឹងមាំដើរធ្វើភ្លៀងធ្វើផ្គរ ប្រមូលលុយតាមឃ្លាំងស្តុបទំនិញនានាក្នុងរាជធានី ភ្នំពេញតាមអំពើចិត្ត ។
តាមប្រភពពីអាជីវករ ឈ្មួញរកស៊ីដដែលថា ដោយក្រុមអ្នករកស៊ីមិនចង់ឱ្យមានរឿងជាមួយគយ និងរដ្ឋាករខាត ពេលវេលាផង ពិបាករកស៊ីផង ទើបបង្ខំចិត្តបង់លុយជាហូរហែដល់អស់លោកគយ និងរដ្ឋាករទៅ ប៉ុន្តែយូរៗទៅ ដោយសារ មានភាពសាំញ៉ាំស្មុគស្មាញពេញបន្ទុកទ្រាំលែងបានក៏បញ្ចោញរឿងទារលុយក្រៅប្រព័ន្ធច្បាប់ឱ្យសារព័ត៌មានដឹងទៅ ។
ជាចុងក្រោយនេះ យើងខ្ញុំទាំងអស់គ្នាអ្នករកស៊ី អាជីវករ ពាណិជ្ជករ សូមអំពាវនាវដល់សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ អធិការកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយពិនិត្យ និងលើកការស៊ើបអង្កេតទៅលើអង្គភាពគយ និងរដ្ឋាកររាជធានីភ្នំពេញ ដែលមាន លោក ភេ សុមុន្នី ជាប្រធានកុំឱ្យមានការប្រព្រឹត្តមិនល្អបែបនេះ និងដាក់ទោសទណ្ឌតាម ច្បាប់ដើម្បីជាគំរូដល់គយ និងរដ្ឋាករផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា ៕