​ច្រក​មេ​កើប​លុយ កូនចៅ​បាន​លុយ​គ្រប់ទឹក​

វិធី​រកលុយ​កើប​លុយ​មាន​ជា​ហូរហែ​ឥត​ដាច់​ឱ្យតែ​ហ៊ាន ឱ្យតែ​មាន​ខ្នងបង្អែក​រឹងមាំ​ឱ្យតែ​មាន​ឱកាស គឺ​ចាត់ការ​តែម្តង មិន​បង្អង់ គឺ​ស៊ី​ទាំង​លើ​ស៊ី​ទាំង​ក្រោម ឱ្យ​តែ​ត្រូវ​គ្នា​សង់​តង់​គ្នា​ទៅវិញទៅមក បាន​លុយ​ស្រេច​ដូច​ពាក្យ​ថា ទន្សោង​គោព្រៃ ផឹកទឹក​ដងអូរ តូច​ស៊ី​តាម​តូច ធំ​ស៊ី​តាម​ធំ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ឱ្យ​ខាង​សារព័ត៌មាន​យុត្តិធម៌ យើង​ដឹង​ថា មេ​នគរបាល​អន្តោប្រវេសន៍​ដែល​មាន​លោក​ឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត ជា​ប្រធាន​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ សព្វ​ថ្ងៃនេះ​កំពុង​ដាក់​បញ្ជា​ពង្រាយ​កូនចៅ​ឱ្យធ្វើ​សកម្មភាព​យ៉ាង​សកម្ម​គគ្រឹកគគ្រេង​ដាក់​កុងត្រូល យ៉ាងរឹងមាំ​ដើម្បី​ប្រើ​អំណាច​គំរាម​ទារ​លុយ​ពី​ប្រជាពលរដ្ឋ​ធ្វើ​ប័ណ្ណ​ឆ្លងកាត់​ព្រំដែន​យ៉ាង​ផុសផុល​កាក់កប​បំផុត ហើយ​មិន តែប៉ុណ្ណោះ បាន​បើកដៃ​ឱ្យ​ប្រជាពលរដ្ឋ​ដាក់​លក់ដូរ​ចង្អៀត​ផ្លូវ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​ទេសចរណ៍​យ៉ាង​អនាធិបតេយ្យ ពាសពេញ​លើ​ចិញ្ចើម​ផ្លូវ​ដងផ្លូវ ដើម្បី​ម្យ៉ាង​គត់​គឺ​ទារ​យក​លុយ​ប្រចាំ​ខែ​ដាក់​ចូល​ហោប៉ៅ​របស់ខ្លួន និង​បក្ខពួក​ខ្លួន (​កូនចៅ​)​ដើម្បី​សម្រាប់​ស៊ី​ផឹកស៊ី​ញី​អូន​បង និង​ដាក់​ជា​កញ្ចប់ ឬ​កាដូ​ជូន​មក​ថ្នាក់លើ​របស់​ខ្លួន ដើម្បី​ការពា​រទប់​តំណែង​កៅអី នេះ​ឱ្យ​នៅ​នឹង​ស្រួល ដើម្បី​មេ​ផង ដើម្បី​ខ្លួន​ផង និង​ដើម្បី​កូនចៅ​ផង ។ និយាយឱ្យចំ គឺ​ដើម្បី​ទាំងអស់គ្នា តែ​ចំពោះ​ប្រជាពលរដ្ឋ ឈឺចាប់​ស្រក់​ទឹកភ្នែក គេ​មិន​ខ្វល់​គឺ​ចាំ​អង្គុយ​បើក​ភ្នែក​ឆ្វេង​ស្តាំ​ប្រើ​សម្តី​គំរាមកំហែង​ទារលុយ កើប​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដាក់​ហោប៉ៅ​តាមរបៀប​គេ​ហៅថា ត្រីងៀត​ឆ្លៀត​ពង ឬ​ទាន់​មានឱកាស ។​

​តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​ឱ្យដឹងថា លោក​ឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត ជា​ប្រធាន​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត មាន​សម្អាង​ខ្នងបង្អែក​យ៉ាង​រឹងមាំ​ដោយ​ខាង​លុយ​ផង ដោយ​ខាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ផង ហេតុ​ដូច្នេះ​ទើប​លោក ស៊ឹម សំអាត មិន​ឈឺ​ក្បាល​វិលមុខ​មិន​ខ្វល់ មិន​សូវ​គោរព​ច្បាប់ មិន​ក្រែងរអែង​ពី​ការផ្សាយ​ព័ត៌មាន​នានា​ឡើយ គឺ​ធ្វើ​យ៉ាងណា​ប្រើ​អំណាច​ទាន់​ខ្លួន​មាន ដើម្បី​ចាត់​វិធានការ​ដាក់​ផែនការ​ឱ្យ​កូនចៅ​ក្រោម​ឱវាទ ឱ្យ​ចាំ​ប្រមូល​លុយ​ពី​ប្រជា ពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន និង​ទារ​លុយ​ពី​ប្រជាពលរដ្ឋ​លក់ដូរ​រញ៉េរញ៉ៃ​បែប​អនាធិបតេយ្យ​តាម​ដងផ្លូវ​ឱ្យបាន ក្រាស់ក្រែល ដើម្បី​ចាយវាយ​ផង និង​ទប់​តួនាទី​ឱ្យបាន​នឹងន៎​ផង បើ​មិន​ដូច​នោះទេ ប្រាកដ​ជា​ប្រឈមមុខ​ទៅនឹង​ច្បាប់ ពុករលួយ និង​បទបញ្ជា​នានា​របស់​ថ្នាក់លើ​ថា ឱ្យមក​បម្រើ​ជាតិ​ប្រជាជន​ចុះ​ហេតុដូម្តេច​បានឱ្យ​ប្រជាជន​មាន​ភាព​លំបាកទឹក ភ្នែក​ទៅ​វិញ ។​

​លើសពីនេះ​ទៅ លោក ស៊ឹម សំអាត ជា​ប្រធាន​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែ​ត​រូបនេះ បាន​បើកដៃ​ឱ្យ​មន្ត្រីក្រោមឱវាទ​យ៉ាង​ពេញទំហឹង​កំណត់​តម្លៃ​ធ្វើ​ប័ណ្ណឆ្លងដែន​តែ​លើ​បបូរមាត់​ស្រេច​តែ​ចិត្ត គ្មាន​យោគយល់​សោះឡើយ ដោយ​ប័ណ្ណឆ្លងដែន​នេះ​ថ្លៃ​ចាប់ពី ១៣០០​បាត ទៅ ១៥០០​បាត ។ ចំពោះ​ប្រជាជន​លក់ដូរ​តាម​ដងផ្លូវ បែប​អនាធិបតេយ្យ​នោះ ត្រូវ​បង់​ពី ១៥០០​បាត ទៅ ២​ម៉ឺន​បាត ។​

​ទាំងអស់​នេះ​ប្រជាពលរដ្ឋ​បាន​រិះគន់​ធ្ងន់ៗ​ចំពោះ​ប៉ូលិសអន្តោប្រវេសន៍​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត ដែល​មាន​លោក ស៊ឹម សំអាត ជា​ប្រធាន​នោះ អង្គុយចាំតែ​ទារលុយ គាប​យកលុយ ប្រមូល​លុយ កើប​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​ទៅ​ធ្វើ​ប័ណ្ណឆ្លងដែន ខុស​ពី​តម្លៃ​សៀវ​កំណត់ដោយ​ទារ​លុយ​ថ្លៃ​ទឹក ថ្លៃ​បាយ និង​លុយុ​ក្រោម​តុ​ផ្សេងៗ​ទៀត ។​

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​នាយកដ្ឋាន​អធិការកិច្ច អគ្គនាយកដ្ឋាន​ជនអន្តោប្រវេសន៍ នាយកដ្ឋាន​អធិការកិច្ច​ក្រសួង មហាផ្ទៃ អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​អធិការកិច្ច​ទីស្តីការគណៈរដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​បង្កើត​គណៈ កម្មា​ធិ​ការត្រួតពិនិត្យ​លើ​ករណី​នេះ​ផង ដើម្បី​ជា​គំរូ និង​ធានា​បាន​ល្អ​នូវ​មុខមាត់​ប៉ូលិស​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

 

 sp-sa-sm

imigran-poipet

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​តាមដាន​សង្គម, ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment