ឈ្មួញកាប់ឈើលើភ្នំត្បែងស្ទើរវិនាសបែរជាមន្រ្ដីជំនាញឡឺកឺ ដែលពាក់ព័ន្ធឆ្លើយថាមិនដឹង
ព្រះវិហារ៖ យោងតាមសេចក្តីរាយការណ៍ពីស្រុកសង្គមថ្មីនៃខេត្តព្រះវិហារបានអោយដឹងថាភ្នំត្បែងដែលត្រូវបានចុះបញ្ចីជាបេតិកភណ្ឌធម្មជាតិ កំពុងរងការកាប់បំផ្លាញឈើប្រណីតទៅលក់ឲ្យមេឈ្មួញយ៉ាងរលូន តែមិនទាន់ឃើញស្ថាប័នជំនាញនិងអាជ្ញាធរពាក់ព័ន្ធចុះបង្រ្កាប់នៅឡើយទេ រហូតមកដល់ពេលនេះ។
ជាក់ស្តែងកាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២១នេះ អ្នកឃ្លាំមើលបទល្មើសព្រៃឈើបានសង្កេតឃើញរថយន្តស៊េរីទំនើបៗ ម៉ាកធុនត្រា ម៉ាកស៊ីណាម៉ាស្តា រថយន្តហ្វដ ពណ៌ត្រេអ៊ី ជាច្រើនគ្រឿងរបស់មេឈ្មួញបានដឹកឈើចេញពីភ្នំត្បែងស្ថិតនៅចំណុច ភូមិសុច និងភូមិតាសែង ឃុំ រណ:សិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ! ឈើទាំងនោះជាប្រភេទឈើលេខ១ សុក្រម និងឈើឈ្លីក យកទៅលក់ឲ្យឈ្មួញនៅខេត្តកំពង់ធំ។
បើតាមការបង្ហើបពីមន្ត្រីម្នាក់ប្រាប់ថា មេឈ្មួញដុះស្លែរម្នាក់នេះធ្វើជំនួញឈើប្រណីត បំផ្លាញព្រៃឈើយូរណាស់ហើយ បានកេណ្ឌប្រជាពលរដ្ឋ ឲ្យទៅកាប់ឈើនៅភ្នំត្បែងដើម្បីយកមកលក់ឲ្យខ្លួន រហូតដល់ពេលបច្ចប្បន្ននេះ គឺតាំងពីមានរថយន្ត (៦ )គ្រឿងរហូតមានដល់ (៩ )គ្រឿង។
ជុំវិញការកាប់បំផ្លាញធនធានធម្មជាតិ និងជំនួញឈើប្រណីតពីសំណាក់មេឈ្មួញដ៏មហិមាម្នាក់នេះ គេមិនទាន់ឃើញមានការពន្យល់ពីលោក មឿង សំផុន នាយកបេតិកភណ្ឌធម្មជាតិភ្នំត្បែងនៅឡើយទេនៅរសៀលថ្ងៃទី (៨ )ខែកក្កដានេះ។
ចំណែកលោក មាស ញឹម នាយកព្រៃឡង់ភ្នំត្នោតបានបញ្ជាក់ថា៖ លោកមិនដឹងអំពីមេឈ្មួញដឹកឈើនោះទេ ពីព្រោះលោកមមាញឹកនឹងការងារច្រើន។
លោក (សុង ច័ន្ទសុជាតិ )ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានប្រាប់អ្នកសារព័ត៌មានថា ពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃឈើ និងជំនួញឈើ ខាងលើលោកមិនបានដឹងនៅឡើយទេ ប៉ុន្តែលោកបានបញ្ជាក់ចុងក្រោយបន្តិចថា លោកនឹងទៅសួរនាំកូន-ចៅថ្នាក់ក្រោមសិន។
ចំណែកលោក (ជុំ ពុយ )អភិបាលស្រុកសង្គមថ្មី និងជាប្រធានគណៈមេបញ្ជាការឯកភាពផងនោះក៏បានបញ្ជាក់ថា ការបំផ្លិចបំផ្លាញធម្មជាតិនៅភ្នំត្បែងនោះ គឺលោកមិនទាន់បានដឹងនៅឡើយទេ។ តែលោកក៏បានអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអ្នកសារព័ត៌មាន ដែលបានផ្តល់ព័ត៌មានជូនលោក។
នៅក្នុងរឿងនេះដែរ គេមិនទាន់ដឹងនៅឡើយទេថាតើថ្នាក់ក្រោមដែលមានជំនាញពាក់ព័ន្ធនឹងអាជ្ញាធរស្រុកបានផ្តល់ដំណឹងនេះជូនទៅលោកអភិបាលខេត្តដែរឬ? ទោះជាយ៉ាងណាសារព័ត៌មាន នៅមិនទាន់សុំការបំភ្លឺពីឯកឧត្តម (ប្រាក់ សុវណ្ណ )អភិបាលខេត្តព្រះវិហារនៅឡើយទេ នៅរសៀលថ្ងៃទី៨ ខែកក្កដានេះ ជុំវិញនៃការវិនាសធនធានធម្មជាតិនៅភ្នំត្បែង ដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌធម្មជាតិរួចហើយនោះ។
ក្រុមអ្នកស្រឡាញ់ធនធានធម្មជាតិ ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្ត មេត្តាមានចំណាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលពាក់ព័ន្ធក្នុងករណីខាងលើផង ពិសេសសូមឲ្យជំនាញពាក់ព័ន្ធ និងអាជ្ញាធរមេត្តាទប់ស្កាត់ និងជួយអភិរក្សនូវភ្នំប្រវត្តិសាស្ត្រដ៏មានតម្លៃមួយនេះឲ្យបានគង់វង្សផង៕ដោយៈ(ផ្កាយពេជ្រ