ខេត្តបន្ទាយមានជ័យ ៖ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដើម្បីធ្វើការកែទម្រង់យ៉ាងសកម្មធានាដល់ការរីកចម្រើនសេដ្ឋកិច្ច ជាតិ បម្រើដល់ប្រជាពលរដ្ឋ និងប្រទេសជាតិនាបច្ចុប្បន្ន និងអនាគត ។
រយៈពេលកន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ចេញបទបញ្ជាលេខ ០១ ប.ប ចុះថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៦ ក្នុងហេតុផលបញ្ចៀសដល់ការប៉ះពាល់ចំណូលរដ្ឋ និងការ ប្រកួតប្រជែងពាណិជ្ជកម្ម ។
យោងតាម បទបញ្ជាលេខ ០១ ប.ប ចុះថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៦ នេះ បានបញ្ជាដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីឱ្យចូលរួមសហប្រតិបត្តិការយ៉ាងមុតមាំ ទាំងកម្លាំងកាយចិត្តដើម្បីបង្ក្រាបបទល្មើសដែលចែកចេញជាពីរ ប្រភេទ គឺប្រភេទទី ១ លំដាប់ថ្នាក់ជាតិជាលក្ខណៈអន្តរក្រសួង, ប្រភេទទី ២ លំដាប់ថ្នាក់ខេត្ត ។
តាមប្រភពព័ត៌មានពីអាជីវករ និងប្រជាពលរដ្ឋរកស៊ីចេញចូលពីប្រទេសថៃមកកម្ពុជា ពីកម្ពុជាទៅថៃ បាននិយា យ ថា លោកដែលធ្វើគយ ជាពិសេសលោកមេគយរដ្ឋាករ ដែលមានលោក ឆែ សុធា ប្រធានទីចាត់ការគយ និងរដ្ឋាករ ត្រូវប៉ាន់គ្រប់ទឹកតែម្មង ។ សារព័ត៌មានយុត្តិធម៌ សួរថា ហេតុដូចម្តេចបានលោកពូពោលដូច្នោះ ។
ហ៊េបាននិយាយដូចនេះ មើលឃើញថា បទល្មើសគេចពន្ធនានាកើតមានគ្រប់ច្រកល្ហក លួចចូលតាមច្រកព្រំដែនផ្សេងៗទាំងច្រកធំ (ច្រកអន្តរជាតិ)ទាំងច្រកតូច (ច្រករបៀង)ជាពិសេសគឺរត់ពន្ធប្រេងសាំងយ៉ាង គគ្រឹកគគ្រេងបែបអនាធិបតេយ្យ និងឥវ៉ាន់ដឹកតាមរថយន្តតូចធំយ៉ាងសម្បើមចេញចូលតាមច្រកព្រំដែនភាគខាងលិចជាប់ ខេត្តបន្ទាយមានជ័យ និងប្រទេសថៃនាបច្ចុប្បន្ននេះ ។
ការរត់ពន្ធប្រេងសាំង ហ្គាស រថយន្តតូចធំ ដឹកឥវ៉ាន់ផ្សេងៗសំពីងសំពោងបែបអនាធិបតេយ្យចេញចូលតាមច្រកព្រំ ដែនកើតឡើងយ៉ាងគគ្រឹកគគ្រេងនោះ ហើយមានបង់ពន្ធមិនគ្រប់ចំនួន ខ្លះមិនបង់ពន្ធ ខ្លះបង់ពន្ធបានពាក់កណ្តាល ខ្វះបង់ពន្ធ បានបន្តិចបន្តួចធ្វើបែបនេះហើយជារៀងរាល់ថ្ងៃ ជារៀងរាល់ខែ និងឆ្នាំនោះ ធ្វើឱ្យបាត់ចំណូលពន្ធរាប់រយសិបម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗ ហេតុដូចនេះក៏បណ្តាលឱ្យមានវិសមភាពក្នុងការប្រកួតប្រជែងពាណីជ្ជកម្មទៀតផង មានន័យថា ក្រុមហ៊ុន សុច្ចរិតរកស៊ីបង់ពន្ធជូនរដ្ឋត្រឹមត្រូវ រីឯក្រុមហ៊ុនទុច្ចរិតរកស៊ីគេចពន្ធ ឬគេចពន្ធខ្លះ ឬបង់ពន្ធខ្លះជារឿយៗ ធ្វើឱ្យបាត់បង់ពន្ធរដ្ឋ តែមានការកើនឡើងនូវសកម្មភាពអំពើពុករលួយយ៉ាងសន្ធឹកសន្ធាប់ ស្របពេលដែលមានស្ថាប័នអង្គភាពប្រឆាំងអំពើពុក រលួយ និងច្បាប់អំពើពុករលួយមានស្រាប់ធ្វើព្រងើយកន្តើយ ។
លោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ត្រូវបានប្រជាពលរដ្ឋ និងអ្នកជំនួញរកស៊ីដឹកទំនិញចេញចូលតាមច្រកនានា ពីប្រទេសកម្ពុជាទៅប្រទេសថៃ ពីថៃមកកម្ពុជា បានរអ៊ូរទាំហើយរិះគន់ ខ្លាំងៗយ៉ាងចាស់ដៃថា លោក ឆែ សុធា ជាប្រធានសាខាគយ និងរដ្ឋាករបានបើកផ្លូវបណ្តែតបណ្តោយឱ្យកូនចៅជាមន្ត្រីគយ ប្រចាំតាមគ្រប់ច្រកល្ហកតាមព្រំដែន បណ្តែតបណ្តោយធ្វើមិនដឹងមិនឮក្នុងការបង់ពន្ធប្រេង ហ្គាស និងទំនិញផ្សេងតាមច្រក នានាជុំវិញខេត្តបន្ទាយមានជ័យ ។
ពាក់ព័ន្ធនឹងសកម្មភាពបទល្មើសគេចពន្ធ ហ្គាស និងទំនិញទាំងអស់នោះ គឺប្រព្រឹត្តទៅដោយរលូន ហើយការរកស៊ី របស់ឈ្មួញទុច្ចរិតឃុបឃិត នឹងមន្ត្រីគយបង់ពន្ធមិនគ្រប់នោះ គឺលោក ឆែ សុធា ជាប្រធានគយ និងរដ្ឋាករខេត្តបន្ទាយមាន ជ័យ ធ្វើមិនដឹងមិនឮមិនបង្ក្រាប ដោយបើកភ្លើងខៀវឱ្យមន្ត្រីគយក្រោមឱវាទប្រព្រឹត្តអំពើពុករលួយប្រឆាំង នឹងបទបញ្ជា លេខ ០១ ចុះថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៦ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល ។
ទាក់ទងនៅនឹងបញ្ហានេះ ស្ថាប័នអំពើពុករលួយ ស្ថាប័នអធិការកិច្ច ស្ថាប័នគយ និងរដ្ឋាករ និងស្ថាប័នពាក់ព័ន្ធនានា គួរតែបើកការស្រាវជ្រាវចាត់វិធានការសមស្របតាមច្បាប់ជាធរមាន ដើម្បីជាគំរូ និងទាញយកពន្ធនានាជូនរដ្ឋ បម្រើជាតិ មាតុប្រទេសឱ្យមានភាពរីកចំរើននាបច្ចុប្បន្ន និងអនាគត ៕