ភ្នំពេញ ៖ បទល្មើសពុករលួយកើតជាហូរហែ ខណៈដែលមានសេចក្តីប្រកាសអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលធ្វើការណែនាំយ៉ាងយកចិត្តទុកដាក់ដើម្បីទប់ស្កាត់អំពើពុករលួយ ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល បានបង្កើតអង្គភាពប្រឆាំងអំពើពុករលួយដែលមាន ឯកឧត្តម ឱម យ៉ិនទៀង ជាប្រធានដើម្បីបង្ក្រាបអំពើពុករលួយទាំងនោះ លើសពីនេះច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយក៏បានបដិសន្និឡើងនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១០ ដើម្បីដាក់ទោសទណ្ឌ យ៉ាងធ្ងន់ធ្ងរក្នុងន័យកាត់បន្ថយអំពើពុករលួយ ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានឱ្យសារព័ត៌មានយុត្តិធម៌ដឹងថា កន្លងទៅនេះក្រសួងមហាផ្ទៃធ្វើគោលនយោបាយកែទម្រង់កងនគរបាលអង្គភាពប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលដាក់ប្រចាំ ការទាំង ២៥ខេត្ត-ក្រុងទូទាំងប្រទេសប្រមូលផ្តុំឱ្យមកបម្រើការងារភារកិច្ចក្នុងនាយកដ្ឋានវិញ ។ អនុវត្តយ៉ាងនេះ ដើម្បី បញ្ចៀសការរិះគន់យ៉ាងខ្លាំងៗ ពីសំណាក់ប្រជាពលរដ្ឋ អាជីវករ និងអ្នករកស៊ីផ្សេងៗថា នគរបាលសេដ្ឋកិច្ចទាំងអស់នោះ ដាក់កុងត្រូល ធ្វើការបន្ទុជបង្អាក់សំឡុតគំរាមកំហែង គាបសង្កត់ឱ្យអ្នករកស៊ីបង់លុយហើយពេលខ្លះទទួលសំណូកពីក្រុម អាជីវករទុច្ចរិតយ៉ាងអនាធិបតេយ្យទៀតផង ។
ការបង្កើតយុទ្ធសាស្ត្រអនុវត្តគោលនយោបាយកំណែទម្រង់បែបនេះ ត្រូវបានក្រុមអាជីវករសុច្ចរិតក្រុមសង្គមស៊ីវិល និងប្រជាពលរដ្ឋគាំទ្រ ។ បន្ទាប់ពីកងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រមូលផ្តុំមកនាយកដ្ឋានប្រឆាំងបទល្មើស សេដ្ឋកិច្ចនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុំ វណ្ណា ឈរជើងមិននឹងរត់ឆ្លេរឆ្លាដើម្បីរកបង្អែកជាថ្មីម្តងទៀត ។
ប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា ក្នុងមួយរយៈខ្លី ស្រាប់តែលេចចេញលិខិតរបស់អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៧ យល់ព្រមតែងតាំងលោកឧត្តមសេនីយ៍ត្រី អ៊ុំ វណ្ណា ដែលមានកេរ្តិ៍ឈ្មោះមិនល្អ ប្រព្រឹត្ត អំពើពុករលួយ ប្រព្រឹត្តសកម្មភាពទុច្ចរិតតាមរយៈកូនចៅផងនោះ បានលេចមុខជាថ្មីជាប្រធានកងនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចប្រចាំទិសភូមិភាគឦសាន្តសារជាថ្មីដែលធ្វើឱ្យពាណិជ្ជករ អាជីវករប្រជាពលរដ្ឋរកស៊ីនានាមានភាពភ័យខ្លាច ហើយ និយាយថា ធ្វើយ៉ាងនេះមកម្តងនេះជាន់កររាស្ត្រទៀតហើយ និងធ្វើឱ្យឥទ្ធិពលគណបក្សប្រជាជនកម្ពុជាថយចុះមិនខាន ។
តាមមន្ត្រីនគរបាលមួយចំនួនឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី អ៊ុំ វណ្ណា វិលមកកាន់តំណែងចាស់ដដែលនេះ គឺតាម យៈអន្តរាគមន៍ជ្រោមជ្រែងពិសេសពីលោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ រៀបចំបែបបទលិខិត ស្នាមចុះថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៧ ព្រមទាំងធ្វើការប្រើមតិបញ្ចុះបពាល្ចូ(ឡប់ប៊ី )ផ្សេងៗ ដើម្បីរាយការណ៍ជូនសុំសេចក្តី សម្រេចតែងតាំងលោកឧត្តមសេនីយ៍ត្រី អ៊ុំ វណ្ណា សារជាថ្មីនេះ ពីនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិនេះ ពិតជាមិន ធម្មតាទេ នៅពីក្រោយនេះប្រហែលជាមានលាភសក្ការៈដ៏មហាសាល និងថែរក្សាចំណូលចូលហោប៉ៅបានជាប្រចាំមើលទៅ ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី អ៊ុំ វណ្ណា បន្ទាប់ពីទទួលលិខិតតែងតាំងជាប្រធាននគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រចាំទិសភូមិភាគឦសានពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៧ និងបានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកក្រុមបេសកកម្មស្រាវជ្រាវស៊ើបអង្កេត និងទប់ស្កាត់បទល្មើសធនធានធម្មជាតិមក លោកឧត្តមសេនីយ៍ត្រី អ៊ុំ វណ្ណា បានបង្កើតជារចនាសម្ព័ន្ធរបស់ខ្លួន ដែលមានកូនចៅក្រោមឱវាទមានគ្នាចំនួនរហូតដល់ ៤០នាក់ ដើម្បីប្រចាំតាមគោលដៅនា នា ដើម្បីស្រូបយកចំណូលជូនមេ ។ ចំពោះកូនចៅដែលប្រចាំការតាមគោលដៅក្រោមឱវាទ លោកឧត្តមសេនីយ៍ត្រី អ៊ុំ វណ្ណា នេះ គឺប្រើសិល្បិ៍វិធីមិនខុសពីមុននោះ គឺប្រើល្បិចដដែល គឺប្រព្រឹត្តភាពទុច្ចរិតលើឈ្មួញនានា ប្រព្រឹត្តអំពើពុករលួយដើម្បី ប្រមូលយកលុយចូលហោប៉ៅ ។
តាមប្រភពពីមន្ត្រីនគរបាល និងប្រជាអាជីវករបាននិយាយថា ឈ្មោះលោកឧត្តមសេនីយ៍ត្រី អ៊ុំ វណ្ណា នេះមានកូនចៅ ជាច្រើននាក់ល្បីឈ្មោះយ៉ាងរន្ទឺសុះសាយដាក់កុងត្រូល ទារលុយកាកពីឈ្មួញរកស៊ីដឹកអីវ៉ាន់តាមរថយន្តតូច-ធំ ប្រព្រឹត្តអំពើ ទុច្ចរិតឃុបឃិតជាមួយឈ្មួញគេចពន្ធខ្លះ បង្កើតវិសមភាពរវាងឈ្មួញត្រឹមត្រូវ និងឈ្មួញរកស៊ីមិនត្រូវទៀតផង ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ វណ្ណា មានលិខិតតែងតាំងថ្មី ប្រព្រឹត្តសកម្មភាពចាស់លើដែនដី តំបន់ចាស់ គឺខុសទៅនឹងការណែនាំរបស់លោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ប្រឆាំងទៅបទបញ្ជារបស់សម្តេច អគ្គមហាសេនាបតីតេជោ មិនគោរពច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។ ដូច្នេះស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ ស្ថាប័នអធិការកិច្ច និងស្ថាប័នពាក់ព័ន្ធនានារបស់ជាតិ គួរតែបើកការស៊ើបអង្កេតទៅលើបុគ្គលនោះ ដើម្បីជាគំរូ ដល់នគរបាលជាតិនាបច្ចុប្បន្ន និងទៅអនាគត ៕