ខេត្តកំពង់ចាម ៖ មេបញ្ជាការសឹករង ប្រចាំស្រុកមេមត់ គី លោក អ៊ុក ទ្រា បានក្លាយជាមេឈ្មួញ រក ស៊ី ឈើ ប្រណីត ដ៏ ល្បី ល្បាញ មិនដែលមាននរណាហ៊ានបង្រ្កាបទេ ហើយលោក អ៊ុក ទ្រា បានចាត់តាំងឲ្យសាច់ញាតិរបស់ខ្លួន ចេញមុខប្រមូលទិញឈើ ដើម្បីដឹកចេញទៅលក់ នៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង មិនដែលខ្វល់ខ្វាយពីបទបញ្ជារបស់ថ្នាក់លើ ក្នុងការបង្ក្រាបបទល្មើស រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ម្តងណាឡើយ។ សូម្បីតែមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ និងនគរបាលការពារព្រំដែន តាមវរៈនានា ក៏មិនដែលហ៊ានហើបមាត់អ្វីទាំងអស់ ព្រោះលោក អ៊ុក ទ្រា បានបែងចែកផលប្រយោជន៍ជាប់ជាប្រចាំដើម្បីកុំឲ្យរំខានដល់ការរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ ទ្រង់ទ្រាយធំរបស់គាត់។
ប្រពភចេញ ពីស្រុកមេមត់បានឲ្យដឹងថា សមត្ថកិច្ចនិងជំនាញ រដ្ឋបាលព្រៃឈើ បានដឹងអំពីសកម្មភាព រកស៊ីប្រមូលទិញ និងដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅស្រុកយួនរបស់លោក អ៊ុក ទ្រា ច្បាស់ដូចថ្ងៃរះ ប៉ុន្តែមិនដែល មានការបង្ក្រាបនោះទេ ព្រោះតែមានទំនាក់ទំនង ផលប្រយោជន៍តែម្តង ដោយសារថាលោក អ៊ុក ទ្រា មានស្បែកជាមេយោធាប្រចាំស្រុកមេមត់ ក៏ពិតមែន ប៉ុន្តែគាត់ក៏ចេះសម្របសម្រួល ចាយលុយបង់ឲ្យ មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ មិនឲ្យមានផលរមាស់អ្វីទេ។ មានការបញ្ជាក់ផងដែរថា សាច់ញាតិរបស់លោក អ៊ុក ទ្រា មានឱកាសដឹកជញ្ជូនឈើប្រណីត ចេញទៅស្រុកយួន ជារៀងរាល់យប់ថ្ងៃ ទោះជាពេលរឹតបន្តឹង ក៏ពួកគេនៅតែប្រព្រឹត្ត ភាពអនាធិបតេយ្យ មិនដែលក្រែងញញើតអ្វីឡើយ ដែលពេលខ្លះលោក អ៊ុក ទ្រា បានអួតអាងប្រាប់គេឯងថា ខ្លួនជាអ្នករកលុយបង់ជូន ថ្នាក់លើផងដែរ។
តាមការឲ្យដឹងទៀតថា កូនចៅជំនិតរបស់លោក អ៊ុក ទ្រា និងជាសាច់ញាតិ ដែលកំពុងបង្កព្យុះភ្លៀងក្នុងការរកស៊ីប្រមូលទិញ ដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅស្រុកយួនតាមស្រុកមេមត់ រួមមានឈ្មោះ អ៊ុក សារុំ និងឈ្មោះ ពុធ សុភ័ក្ត្រ ដែលជាដៃស្តាំដៃឆ្វេង ក្នុងការធ្វើសកម្មភាព ដឹកជញ្ជូនឈើប្រណីត ហើយលោក អ៊ុក ទ្រា គ្រាន់តែជួយធ្វើជាខ្នងបង្អែក មិនសូវចេញមុខ ជាសាធារណៈនោះទេ ប៉ុន្តែគ្រប់ការដឹកជញ្ជូនឈើទាំងអស់ គេដឹងថា ជារបស់លោក អ៊ុក ទ្រា។ មានការរំលឹកផងដែរថា នៅក្នុងភូមិសាស្ត្រ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម គេឃើញក្រុម របស់លោក អ៊ុក ទ្រា ដឹកជញ្ជូនឈើ ចេញទៅស្រុកយួន តាមរថយន្តទំនើបៗ មានប្រភេទកាមរីគូថហើម បាឡែន ឡង់គ្រីស័រ មួយថ្ងៃៗរាប់សិបគ្រឿង។
ប្រជាពលរដ្ឋដែលបានដឹងឮ ពីសកម្មភាព ដឹកជញ្ជូនឈើខុសច្បាប់ របស់លោក អ៊ុក ទ្រា បានឲ្យដឹងថា អំពើល្មើសច្បាប់ដ៏ធំ ក្នុងការរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ នាំឲ្យលោក អ៊ុក ទ្រា និងសាច់ញាតិរបស់គាត់ មានការអភិវឌ្ឍផ្នែកជីវភាពផ្ទាល់ខ្លួន យ៉ាងឆាប់រហ័ស មានលុយទិញដីរាប់សែនដុល្លារ សង់វីឡាយ៉ាងធំស្កឹមស្កៃ និងទីតាំងស្តុកឈើខុសច្បាប់ជាច្រើនកន្លែង។ បើនិយាយពីលោក អ៊ុក ទ្រា វិញ មានដីចំការម្រេច ចំការកៅស៊ូ បែងចែកឲ្យភរិយាដើម និងភរិយាបន្ទាប់ ល្មើសទៅនឹងច្បាប់ឯកពន្ធភាព គឺមិនមានតុល្យភាពទៅនឹងប្រាក់ខែ ជាមេយោធាប្រចាំ ស្រុកមេមត់នោះទេ ដូច្នេះគេសន្និដ្ឋានថា ដីចំការរាប់ហិកតា ផ្ទះវីឡាធំស្កឹមស្កៃ ឡានទំនើបៗជិះមិនខ្វះ របស់លោក អ៊ុក ទ្រា កើតឡើងដោយសារតែអំពើពុករលួយ និងការរកស៊ីដឹកជញ្ជូនឈើ ខុសច្បាប់នោះឯង។
ប្រជាពលរដ្ឋសាមញ្ញ នៅក្នុងស្រុកមេមត់តែងតែ ហៅលោក អ៊ុក ទ្រា ថាលោកសេដ្ឋីឬឧកញ៉ា មេយោធាស្រុក ព្រោះគាត់មានបានខ្លាំងណាស់ និងពោរពេញដោយ អំណាចឥទ្ធិពល គ្មាននរណាហ៊ានប៉ះពាល់ សូម្បីតែពលទាហានតូចតាច ក៏ធ្លាប់បានលើកឡើងផងដែរថា សិទ្ធិអំណាចរបស់លោក អ៊ុក ទ្រា ស្ទើរតែស្មើនឹងស្តេចត្រាញ់ ប្រចាំស្រុកមេមត់ ដោយសារតែសកម្មភាព ជួញដូរនាំចេញឈើប្រណីតខុសច្បាប់ ក្នុងមួយថ្ងៃៗរាប់សិបរថយន្ត មិនដឹងជាយកលុយទៅធ្វើអ្វីអស់ទេ។ គេចង់ឃើញថ្នាក់លើ ពិនិត្យមើលសិទ្ធិអំណាច របស់លោក អ៊ុក ទ្រា ឡើងវិញផង ព្រោះការប្រើប្រាស់ស្បែកជាយោធា ទៅពាក់ព័ន្ធនឹងជំនួញឈើខុសច្បាប់ ឬការជួយសម្របសម្រួល ឲ្យក្រុមឈ្មួញនាំចេញឈើខុសច្បាប់ កំពុងជះឥទ្ធិពលមិនល្អដល់ថ្នាក់លើ ។
មានសេចក្តីរាយការណ៏បញ្ជាក់ថា រថយន្តដឹកឈើប្រណីត របស់លោក អ៊ុក ទ្រា ច្រើនតែធ្វើដំណើរចូលតាម វត្តក្តុល ក្នុងភូមិសង្គមកណ្តាល និងភូមិសង្គមក្រោម នៅស្រុកមេមត់ ដែលមានទាហានចាំយាមការពារ មិនអនុញ្ញាតឲ្យមនុស្សប្លែកមុខ ចេញចូលតាមច្រកនេះទេ ព្រោះខ្លាចបែកធ្លាយ រឿងរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ របស់លោក អ៊ុក ទ្រា។ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ជាពិសេសមេយោធាខេត្តក្រចេះ និងខេត្តកំពង់ចាម មិនដឹងជាទទួលបានផលប្រយោជន៍ ដែលលោក អ៊ុក ទ្រា បន្តក់ឲ្យក្នុងមួយខែៗ ប៉ុន្មាននោះទេ ទើបអាចរក្សាភាពស្ងៀមស្ងាត់ បិទភ្នែកបិទត្រចៀក ទុកឲ្យលោក អ៊ុក ទ្រា ធ្វើអ្វីៗតាមតែទំនើងចិត្ត មិនដែលគិតគូរពីការ កែទម្រង់របស់ថ្នាក់លើនោះទេ៕