តាមប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់ប៉ោយប៉ែតនិង សមត្ថកិច្ចពាក់ព័ន្ធបានជជែកដេញដោលគ្នាតាមហាងកាហ្វេ អំពី បញ្ហាសំណង់ខុសច្បាប់ដែលកំពុងរីកដុះដាលយ៉ាង អនាធិបតេយ្យនៅលើទឹកដីក្រុងប៉ោយប៉ែត ស្រាប់តែមានការទម្លាយឱ្យដឹង ថា ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយកន្លែង ស្ថិតនៅខាងត្បូងផ្សារអគ្គថ្មី ជាកម្មសិទ្ធិរបស់លោក ប្រាក់ ប៉ូលី ជាប្រធានការិយាល័យ ភូមិបាល និងសុរិយោដីក្រុងប៉ោយប៉ែត ដែលបានសាងសង់រួចរាល់ជាស្ថាពរហើយនោះ បែរជាខុសច្បាប់ និង ទំនងជាមិនមាន ការបង់ពន្ធជូនរដ្ឋតាមគោលការណ៍នោះទេ។
ក្នុងការពាក់ព័ន្ធនឹងបញ្ហានេះនាំឱ្យគ្រប់ៗគ្នាចំអកថា សូម្បីតែភូមិគ្រឹះរបស់ប្រធានការិយាល័យភូមិបាលនិងសុរិយោដីក្រុង ប៉ោយប៉ែត បែរជាគ្មានច្បាប់ទម្លាប់ហើយនោះ តើ ប្រាក់ ប៉ូលី អាចទៅហាមឃាត់ ឬបង្ក្រាបសំណង់ខុសច្បាប់របស់នរណាបាន ទៅ អ៊ីចឹងហើយបានជាសំណង់ខុសច្បាប់ក្នុងក្រុងប៉ោយប៉ែតចេះ តែរីករាលដាលយ៉ាងអនាធិបតេយ្យ និងគួរឱ្យព្រួយបារម្ភ បំផុត។
ករណីដែលលេចលឺនេះក្រុមអ្នកសារព័ត៌មានបានទៅជួបសួរនាំលោក ប្រាក់ ប៉ូលី អំពីបញ្ហាសំណង់ខុសច្បាប់ដែលកំពុងកើត ឡើងយ៉ាងអនាធិបតេយ្យនៅទូទាំងក្រុងប៉ោយប៉ែត ហើយគាត់បានអះអាងថាសំណង់មួយចំនួននៅក្រុងប៉ោយប៉ែត គាត់ទទួលស្គាល់ថា មិនមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ហើយសំណង់ខ្លះដែលប៉ះពាល់ដល់ចំណីផ្លូវជាតិ និងដីរថភ្លើងនោះ ខាងមន្ត្រីជំនាញបានឱ្យម្ចាស់សំណង់ទាំងនោះមកចុះកិច្ចសន្យារួចរាល់ អស់ទៅហើយ ដោយបានព្រមព្រៀងគ្នាថា បើថ្ងៃណារដ្ឋត្រូវការដីសម្រាប់ការអភិវឌ្ឍអ្វីនោះ ត្រូវវាយសំណង់នោះចោលវិញ ដោយមិនអាចទារសំណងអ្វីឡើយ។
តាមការបំភ្លឺរបស់លោក ប្រាក់ ប៉ូលី ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនគិតឃើញថា គាត់កំពុងដោះសារបិទបាំងការអសមត្ថភាព និងពុករលួយរបស់ខ្លួន និងមិនបានអនុវត្តន៍ការងារឱ្យបានត្រឹមត្រូវ តាមតួនាទីដែលថ្នាក់លើ ផ្តល់ឱ្យនោះទេ ។ ហើយបើតាម គោលការណ៍ច្បាប់សំណង់ខុសច្បាប់សង់លើដីចំណីផ្លូវ ឬដីបំរុងទុកសម្រាប់អភិវឌ្ឍន៍គឺជំនាញសំណង់លោក ប្រាក់ ប៉ូលី ត្រូវ ចាត់វិធានការហាមឃាត់ឱ្យបានទាន់ពេលវេលា មិនមែនជាការណែនាំឱ្យចុះកិច្ចសន្យាជាថ្នូរនៃការទទួលយកសំណូកលាភ សក្ការៈគោះលុយមកច្រកហោប៉ៅផ្ទាល់ខ្លួននោះទេនោះទេ ។
អ្វីដែលចម្លែកនោះគឺរឿងភូមិគ្រឹះដ៏ធំស្កឹមស្កៃនៅក្បែរផ្សារ អគ្គថ្មី ដែល ប្រាក់ ប៉ូលី ក៏បានបញ្ជាក់ប្រាប់អ្នកកាសែត ទៀតថា សំណង់របស់គាត់មានច្បាប់ឬគ្មានច្បាប់នោះវាគ្មានបញ្ហានោះទេ កុំឱ្យតែសំណង់នោះសាងសង់ឡើងខុសបច្ចេកទេស ទៅបានហើយ។
ផ្ទុយទៅវិញយ៉ាងណាក៏ដោយលោក លី សារី ប្រធានមន្ទីរនគរូបនីយកម្មដែនដី និងសំណង់ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថាសំណង់ដែលសាងសង់ឡើង ក្រោមពី៥០០ម៉ែត្រការ៉េ ប្រជាពលរដ្ឋអាចសុំច្បាប់សាងសង់ត្រឹមការិយាល័យ ភូមិបាលក្រុងប៉ោយប៉ែត តែបើលើសពីចំនួននេះត្រូវសុំច្បាប់អនុញ្ញាតពីមន្ទីរ ហើយលោក លី សារី ក៏បានបញ្ជាក់យ៉ាងច្បាស់ ទៀតថា ចំពោះបញ្ហាភូមិគ្រឹះរបស់លោក ប្រាក់ ប៉ូលី ជាប្រធានភូមិបាលក្រុងប៉ោយប៉ែតដ៏ធំស្កឹមស្កៃនោះក៏គ្មាន ច្បាប់ទម្លាប់ ដែរ។
ផ្ទុយអំពីបញ្ហាអនាធិបតេយ្យជាច្រើនដែលកំពុងកើតមាននៅលើ ទឹកដីក្រុងប៉ោយប៉ែត លោក លី សារី បានលើកឡើង ទៀតថា បញ្ហាសំណង់នៅក្នុងក្រុងប៉ោយប៉ែតនេះ ពិតជារីកដុះដាលច្រើនស្អេកស្កះគួរឱ្យកត់សម្គាល់ ហើយសំណង់ជាច្រើនត្រូវ បានគេសាងសង់ឡើងខុសលក្ខណៈបច្ចេកទេស រីឯសំណង់ខ្លះទៀតក៏មិនបានសុំច្បាប់ទម្លាប់ឱ្យត្រឹមត្រូវដែរ ជាបញ្ហាដ៏ធំមួយនាំ ឱ្យខាតបង់ចំណូលថវិកាជាតិ រាប់ម៉ឺនរាប់សែនដុល្លារក្នុងមួយឆ្នាំៗ ព្រោះជាគោលការណ៍ម្ចាស់សំណង់ធំត្រូវសុំច្បាប់សាងសង់ និងត្រូវបង់ពន្ធជូនរដ្ឋទៅតាមតម្លៃដែលបានកំណត់ ប៉ុន្តែករណីដែលមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធឃុបឃិតឱ្យមានការ សាងសង់ដោយខុសច្បាប់នោះនាំឱ្យបាត់បង់ចំណូលពន្ធ ដោយប្រាក់ទាំងនោះត្រូវបានបង្វែរទៅចូលហៅប៉ៅជនពុករលួយមួយ ក្តាប់តូចយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនទៅវិញ។
តាមការសង្កេតនៅទូទាំងក្រុងប៉ោយប៉ែតបាននិយាយតាមស្ថានភាពពិត ជាក់ស្តែងថា ឱ្យតែមានលុយបង់ឱ្យជំនាញ សុរិយោដីរបស់លោក ប្រាក់ ប៉ូលី និងមន្ត្រីសំណង់នៅសាលាក្រុងប៉ោយប៉ែត ជាដៃឆ្វេង ដៃស្តាំរបស់លោក ង៉ោ ម៉េងជ្រួន ទោះជាសង់លើផ្ទះលើដីចំណីផ្លូវជាតិលេខ៥ ផ្លូវរថភ្លើងគ្មានច្បាប់ទម្លាប់ គឺសង់ប៉ុន្មានជាន់ក៏បានដែរ ហើយយ៉ាងច្រើនគេហៅ ទៅធ្វើកិច្ចសន្យាមិនឱ្យទារសំណងពេលណាមួយដែល រដ្ឋត្រូវការវាយសំណង់ទាំងនោះចោល។
ទោះជាយ៉ាងណាក៏គេសូមដោយ មានការកោតសរសើរចំពោះការអភិវឌ្ឍន៍ជីវភាពថ្មីរបស់ ប្រាក់ ប៉ូ លី ដែលបច្ចុប្បន្ន នេះនៅលើទឹកដីក្រុងប៉ោយប៉ែត នរណាក៏ដឹងដែរថា ប្រាក់ ប៉ូលី គឺជាប្រធានភូមិបាលវ័យក្មេង ដែលសំបូរល្បិចពុករលួយឃុប ឃិតជាមួយ និងសំណង់ខុសច្បាប់ពុករលួយ និងកាស៊ីណូធ្វើមានបានក្លាយជាមហាសេដ្ឋីវ័យក្មេងហើយដែលបញ្ហានេះមិនគួរ បើជំនាញពាក់ព័ន្ធ និងអង្គភាពប្រឆាំងអំពើពុករលួយមើលរំលងពីសកម្មភាពអសកម្មរបស់ ប្រាក់ ប៉ូលី នោះទេ ។