ស្វាយរៀង ៖លោកវរសេនីយ៍ឯកអ៊ឹង សុងយូ មន្ដ្រីនគរបាលអន្ដោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ បាវិតឈមនិងច្រក ម៉ុកបាយ ខេត្តតៃនិញ ប្រទេសវៀតណាម ត្រូវបានលាតត្រដាងរឿងអាស្រូវពុករលួយរ ដែលសម្ងំកើប ផលប្រយោជន៍ យកទៅធ្វើមានធ្វើបានតែម្នាក់ឯង មិនគិតគូរពីជីវភាពរស់នៅរបស់មន្ត្រីតូចតាច និងសង្គមជាតិឡើយ ។
ប្រភពព័ត៍មានពីតំបន់ព្រំដែនកម្ពុជា វៀតណាម ច្រកអន្តរជាតិបាវិត បានឲ្យដឹងថា មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលគ្រប់គ្រង ដោយលោកវរសេនីយ៍ឯកអ៊ឹង សុងយូ បានចេញលិខិតឆ្លងដែន VIP ឲ្យជនជាតិវៀតណាម ដើម្បីមានអាទិភាពចេញចូលឆ្លង ដែន ចូលមកក្នុង ទឹកដីខ្មែរ ដោយសេរី តែម្តង ទង្វើនេះ គឺជាអំពើពុករលួយ បានកើតមានយូរយារ ណាស់មកហើយ មិនទាន់មានការកែទម្រង់ នៅឡើយទេ ។
ប្រភពព័ត៍មាន ធ្លាយចេញពីមន្ត្រីប៉ូលិស អន្តោប្រវេសន៍ មួយរូបសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា ចំពោះជនជាតិវៀតណាម ដែលមកបម្រើការងារ តាមកាស៊ីណូនៅក្រុងបាវិត រាប់រយ រាប់ពាន់នាក់ ចូលមកធ្វើការ ពេលព្រឹក ត្រឡប់ទៅក្នុងទឹកដីវៀតណាម វិញល្ងាច ឬយប់ ពួកគេមានអាទិ៍ភាពចេញចូលឆ្លង ដែន ដោយសេរីតែម្តង ដោយសារតែជនជាតិ វៀតណាមទាំងនោះ ត្រូវបានលោកវរសេនីយ៍ឯកអ៊ឹង សុងយូ មេប៉ុស្តិ៍ បានចេញលិខិតវឆ្លងដែន VIP មានសុពលភាពពី៦ខែទៅ១ឆ្នាំឯណោះ ។
ច្រកទ្វារអន្តរជាតិបាវិត គឺជាច្រកសេដ្ឋកិច្ចដែលមាន ប្រភពចំណូលមិនចេះរីងស្ងួត មានចំណាត់ថ្នាក់លេខ២ បន្ទាប់ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ ច្រកទ្វារអន្តរជាតិ ខាងលើនេះ ក៏ជាច្រកសេដ្ឋកិច្ច និងទេសចរណ៍ ដែលគេសង្កេឃើញមាន ការដឹកជញ្ជូន ទំនិញជាច្រើនប្រភេទ ទាំងស្របច្បាប់ និងខុសច្បាប់ ក៏ដូចជា លំហូរចូល ភ្ញៀវទេសចរណ៍ បរទេសដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងមួយថ្ងៃៗផងដែរ។ប្រភពដដែល បានឲ្យដឹងទៀតថា លោកអ៊ឹង សុងយូ មេប៉ុស្តិ៍រូបនេះ មិនសូវចូលប៊ុយរ៉ូធ្វើការ ជាប់លាប់ ដូចមេកើយមុនៗ នោះទេ គឺភាគច្រើន លោកនាយ ធ្វើការងារជាមួយនិងមន្ត្រី ក្រោមឱវាទ តាមរយៈទូរស័ព្ទតែប៉ុណ្ណោះ ។
ក្រោមការគ្រប់គ្រង របស់លោក អ៊ឹង សុងយូ បណ្តាលឲ្យច្រកទ្វារអន្តរជាតិបាវិត មានភាពអសកម្មជាច្រើន ដោយសារតែលោក អ៊ឺង សុងយូ មានការសោះ អង្គើយនឹងការងារ ឬបណ្តែតបណ្តោយ ឲ្យមន្ត្រីក្រោមឱវាទ ដែលជំនិត របស់លោក ធ្វើព្យុះធ្វើភ្លៀង តាមទំនើងចិត្ត ដូចជាគៀប ប្រជាពលរដ្ឋខ្មែរដែលត្រូវ ទៅព្យាបាលជំងឺ ឬសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម ហើយគ្មានលិខិតឆ្លងដែន ត្រូវបង់លុយក្នុងម្នាក់ចំនួន ២៥ដុល្លារអាមេរិក ហើយទាំងទៅទាំងមក ត្រូវបង់លុយចំនួន៥០ដុល្លារ ដោយគ្មានករណីលើកលែង ដោយផ្ទុយពីសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។
ករណីដូចបានរៀបរាប់ខាងលើនេះ គឺកើតមានជាយូរមកហើយ ដែលលោក អ៊ឹង សុងយូ មិនត្រឹមតែពាក់ព័ន្ធ អំពើពុករលួយចេញលិខិតឆ្លងដែន ឱ្យជនជាតិវៀតណាមប៉ុណ្ណោះទេ គាត់រងនូវការរិះ គន់យ៉ាងធ្ងន់ធ្ងរ ពីសមត្ថកិច្ចស្ថាប័នផ្សេងៗ ខណៈដែលគាត់លូកដៃចូល កិច្ចការផ្ទៃក្នុងរបស់ស្ថាប័នផ្សេង តាមតែទំនើងចិត្ត ។
ដូចជានៅក្នុងអនុក្រឹត្យលេខ ៦៤ អនក្រ.បក ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០១ នគរបាល អន្ដោប្រវេសន៍ មានតួនាទីត្រួតពិនិត្យ អ្នកធ្វើដំណើរចេញ-ចូលប្រទេស(មនុស្ស និងឯកសារធ្វើដំណើរ) និងសហការ ជាមួយស្ថាប័នពាក់ព័ន្ធ ប៉ុន្ដែលោក អ៊ឹង សុងយូ បានជ្រៀតជ្រែកចូលការងារ ស្ថាប័នកាំកុងត្រូល, ក្រសួងទេសចរណ៍, នរគបាលទេសចរ, ប្រធានស្នាក់ការច្រក, នគរបាលទំនាក់ទំនងព្រំដែន, គយនិងរដ្ឋាករ, ពេទ្យសត្វ និងពេទ្យមនុស្ស ជាដើម ។
លោក អ៊ឹង សុងយូ ក្នុងតួនាទីជានាយប៉ុស្ដិ៍ មានសិទ្ធិគ្រប់គ្រងបារ៉ាស់ផងនោះ គាត់អាចប្រមូលផលប្រយោជន៍ តាមគ្រប់មធ្យោបាយដូចជា អ្នកធ្វើដំណើរចេញ-ចូល ទំនិញគ្រប់ប្រភេទ ទាំងរថយន្ដតូច ធំ ត្រូវតែបង់ប្រាក់ក្បាលឡាន ទើបអាចឆ្លងកាត់បាន ។ គេល្បីជាយូរមកហើយថា លោក អ៊ឹង សុងយូ បានឃុបឃិតឲ្យមានការ ហូរចូលទំនិញគេចពន្ធ និងបិទភ្នែកឲ្យរថយន្ដក្រុង ដឹកអ្នកដំណើរបង្កប់ទំនិញគេចពន្ធ ចូលស្រុកខ្មែរយ៉ាងអនាធិបតេយ្យ។ ចំណូលយ៉ាងច្រើនសន្ថឹកសន្ធាប់ក្នុងមួយខែៗ លោក អ៊ឹង សុងយូ ទុកសម្រាប់ខ្លួនឯង និងផ្គត់ផ្គង់ថ្នាក់លើ ទើបគាត់អាចធ្វើអ្វីៗ បានតាមតែទំនើងចិត្ត៕