កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៤ នៅស្នាក់ការគយ និងរដ្ឋាករខេត្តព្រះសីហនុ មានធ្វើសន្និសីទសារ ព័ត៌មានមួយបង្ហាញពីលទ្ធផលនៃការបង្ក្រាបភ្លុកដំរី ឆ្លងដែនក្រោមវត្តមានលោក គិន លី ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ។
លោក គិន លី មានប្រសាសន៍នៅក្នុងឱកាសសន្និសីទសារព័ត៌មានដែលមានរយៈពេល៣០ នាទី ដោយគូសបញ្ជាក់ថា យើងបានធ្វើការបង្ក្រាបករណីជួញដូរភ្លុកដំរីឆ្លងដែនល្មើសច្បាប់ នេះ ដោយដកហូតបានភ្លុកដំរីចំនួន១០៨បាវ ស្មើនឹង៧៧៦ដើម ដែលមានទំម្ងន់៣.០០៨,៨គីឡូក្រាម ពីក្រុមហ៊ុនទុច្ចរិតខាងលើ ដែលមានអាជ្ញាប័ណ្ណនាំចូលគ្រាប់សណ្តែកប្រមាណជាង២០តោន ផ្ទុកនៅក្នុងកុងតឺន័រ BMOU លេខ២៧២៦០៨៣ (២០ហ្វ៊ីត) ។ ប៉ុន្តែផ្ទុយទៅវិញ នៅពេលធ្វើការឆែកឆេរនៅក្នុងកុងតឺន័រ ឃើញថា មានគ្រាប់សណ្តែកប្រមាណជាង១៥តោនប៉ុណ្ណោះ ក្រៅពីនោះសុទ្ធសឹងជាភ្លុកដំរី ដែលឈ្មួញទុច្ចរិតបានកប់ នៅក្នុងបាវគ្រាប់សណ្តែក ដើម្បីបន្លំភ្នែកសមត្ថកិច្ចជំនាញ ។
លោកប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា ភ្លុកដំរីនេះ មិនមែនក្រុមឈ្មួញនាំមកពីប្រទេសម៉ាឡេស៊ី ដូចតាមព័ត៌មានដែលបានផ្សព្វផ្សាយទេ គឺបាននាំចេញពីប្រទេសកេនយ៉ា ក្នុងទ្វីបអាហ្វ្រិក ដែលជាប្រទេសមានការជួញដូរភ្លុកដំរីដ៏ធំមួយ ។
លោកបានបញ្ជាក់ទៀតថា ការងារទាំងអស់នេះ ដោយសារតែទទួលបាននូវការណែនាំចង្អុលបង្ហាញពី ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានកិច្ចសហការ យ៉ាងស្អិតរមួតពីបណ្តាញចារកម្មនៃអង្គការ អភិរក្សសត្វព្រៃ ទើបយើងឈានដល់ការបង្ក្រាបករណីខាងលើនេះបាន ហើយក៏ជាមោទនភាពសម្រាប់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។
ពេលនេះវត្ថុតាងជាភ្លុកដំរី ដែលត្រូវរឹបអូស បានរក្សាទុកនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ហើយបានកសាងសំណុំរឿងបញ្ជូនទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដើម្បីបញ្ជូនសំណុំរឿងបន្តទៅរាជរដ្ឋាភិបាល ជាអ្នកសម្រេច ។
យោង តាមប្រសាសន៍របស់លោក គិន លី បានបង្ហាញថា កម្ពុជាមិនមែនជាប្រទេសដែលសម្បូរ អ្នកមានទិញភ្លុកដំរីទៅដាក់ តាំងក្នុងការិយាល័យ ឬលំនៅឋាន ឬយកទៅបញ្ចុះក្នុងសង្ហារិមប្រណីតទេ គឺជាប្រទេសដែលឆ្លងកាត់ប៉ុណ្ណោះ ។ ការចាប់បានភ្លុកដំរីដ៏ច្រើននេះ បានបង្ហាញថា ក្រុមឈ្មួញទុច្ចរិតពិតជាបានធ្វើសកម្មភាពតាមគ្រប់រូបភាពក្នុង ការរត់ពន្ធភ្លុកដំរីឆ្លងដែននេះ ។
សូមបញ្ជក់ថា ការធ្វើសន្នីសីទសារព័ត៌មានបង្ហាញស្នាដៃនៃការបង្ក្រាបការជួញដូរភ្លុកដំរី ឆ្លងដែននេះ គឺបន្ទាប់ពីការបង្ក្រាបបានកាលពីថ្ងៃទី៩ ឧសភា កន្លងទៅ ដែលបានអនុវត្តតាមដីកាបង្គាប់ឱ្យឆែកឆេរលេខ៥២៤ ចុះថ្ងៃទី៨ ឧសភា ឆ្នាំ២០១៤ របស់លោក ម៉ុង មុនីចរិយា ប្រធានសាលាដំបូងខេត្ត សម្រេចឱ្យឆែកឆេររថយ្តដឹក ជញ្ជូនកុងតឺន័ររបស់ក្រុមហ៊ុន REHOBTH ខេមបូឌា ខូអិលធីឌី ដែលឈ្មួញទុច្ចរិតរកស៊ីល្មើសច្បាប់បានបង្កប់ភ្លុក ដំរីជាមួយ គ្រាប់សណ្តែកនៅក្នុងកុងតឺន័រយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងគោលបំណងនាំចេញបន្តទៀត ដោយយក ប្រទេសកម្ពុជាធ្វើជាឈ្នាន់រកស៊ីឆ្លងដែនតែប៉ុណ្ណោះ ៕