លោក អ៊ុំ វណ្ណា ជា​មេ​ប៉ូលីស​សេដ្ឋកិច្ច​ដូច​ផ្កា​រីក​គ្រប់​រដូវ ធុំក្លិន​បញ្ច្រស់​ខ្យល់​

រាជធានី​ភ្នំពេញ ៖ គេ​មិន​ច្បាស់​ទេ​ថា លោក អ៊ុំ វណ្ណា ជា​ប្រធាន​ប្រតិបត្តិ​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង មហាផ្ទៃ សមត្ថកិច្ច​ត្រួតត្រា​ការងារ​បង្ក្រាប​បទល្មើស​ព្រៃឈើ ចំនួន ៤​ខេត្ត រួម​មាន​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ធំ ខេត្ត​ក្រចេះ និង​ខេត្ត​កណ្តាល​មាន​អំណាច​ខ្លាំង​ដ៏​មហិមា​ប៉ុណ្ណា បានជា​គាត់​អាច​ចាត់តាំង​ខ្សែបណ្តាញ​ជា​បក្ខពួក​ឱ្យ ឃុបឃិត​ជាមួយ ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ​សុខ​ស្រួល ។ ហើយ​លោក អ៊ុំ​វណ្ណា បាន​តាំងខ្លួន​ជា​ដៃស្តាំ​ឯក​ប្រមូល​ប្រភព​សេដ្ឋកិច្ច​ខុសច្បាប់ (​មិន​ចូល​ក្នុង​ថ​វិក​រដ្ឋ​) ឱ្យទៅ​មេ​ធំៗ តាមរយៈ​ការប្រើ ប្រាស់​លិខិត​បញ្ជា​បេសកកម្ម របស់លោក នេ​ត សាវឿន បង្ខំ​ឱ្យ​ក្រុម​ឈ្មួញ បង់​លុយ​តាម​របៀប​ប្រព្រឹត្ត​ពុករលួយ មិន​ដែល​ខ្វល់ ពី​ការ​កែទម្រង់​អ្វី របស់​រាជរដ្ឋាភិបាល តើ​គាត់​មាន​ខ្នងបង្អែក​ជា​នរណា​ខ្លះ ? បាន​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ ព្រមទាំង​មាន​ចំណាត់ការ​ទៅលើ​លោក អ៊ុំ វណ្ណា នោះ​សោះ ?​។​

​មន្ត្រី​មួយចំនួន បាន​បង្ហើប​ឱ្យដឹងថា លោក អ៊ុំ វណ្ណា ជា​មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​មុខ​ក្រាស់ ខ្លាញ់​ពោរពេញ​ដោយ ឥទ្ធិពល​អំណាច អត់​ដែល​ផ្លាស់ប្តូរ​ទៅ​ណា​ទេ គឺ​ក្តោប​ក្តាប់​ការងារ​បង្ក្រាប​បទល្មើស​ព្រៃឈើ ចំនួន ៤​ខេត្ត ដែល​បាន​រៀបរាប់​ខាងលើ យ៉ាង​ដុះ​ស្លែ​ទៅហើយ​។​

​មន្ត្រី​ជាច្រើន​ត្រូវបាន​ផ្លាស់ប្តូរ​ទៅតាម​អាណត្តិ នៃ​លិខិត​បេសកកម្ម បើ​ទោះបីជា​មន្ត្រី​ទាំងនោះ មាន​ស្នាដៃ​ល្អ​បែប ណា​ក៏ដោយ​ប៉ុន្តែ​សម្រាប់ លោក អ៊ុំ វណ្ណា បាន​ក្លាយ​ជា​មន្ត្រី​ដូច​ផ្កា​រីក​គ្រប់​រដូវ មាន​អំណាច​ពង្រាយ​កូនចៅ​ឱ្យ​ដាក់ ប៉ុស្តិ៍​ជជុះ ប្រមូល​លុយ ពី​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​លោក អ៊ុំ វណ្ណា ក៏​បាន​ធ្វើ​ជា​បង្អែក ឱ្យ​មេ​ឈ្មួញ ឈើ លឹម ប៊ុណ្ណា ហៅ​ខ្នា ក្នុង​ការដឹកជញ្ជូន​ឈើ ចេញ​ទៅ​ប្រទេស​វៀតណាម​ល្បី​ពេញ​ភូមិភាគ​ឥ​សាន្ត​តែម្តង ដែលជា ឈ្មួញ​បែប​ឧក្រិដ្ឋកម្ម​ព្រៃឈើ ។​

​ការប្រគល់​អំណាច​ឱ្យ​លោក អ៊ុំ វណ្ណា ក្តោប​ក្តាប់​ការងារ​ផ្តាច់មុខ បង្ក្រាប​បទល្មើស​ព្រៃឈើ ៤​ខេត្ត តែម្នាក់ឯង បែបនេះ បាន​ធ្វើឱ្យ​មន្ត្រី​ដែល​បាន​ដឹង​រឿង​នោះ នាំ​គ្នា​រិះគន់​យ៉ាង​ចាស់ដៃ​ថា មិនគួរ​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ នគរបាលជាតិ ឱ្យ​តម្លៃ​តែ​លើ​លោក អ៊ុំ វណ្ណា ខ្ពស់​ហួសហេតុ ហាក់បីដូច​ជា​បំភ្លេចចោល​ឬ​មិន​ឱ្យ តម្លៃ​ចំពោះ មន្ត្រីៗ​ប៉ូលិស​សេដ្ឋកិច្ច ដទៃ​ទៀត​ដែល​នៅ​គរ​ជើង​លើ​គ្នា និង​មាន​អ្នកខ្លះ គ្មាន​ការងារ​អ្វី​ធ្វើ ឬ​អង្គុយតែ​អាន​កាសែត​នៅ​កន្លែង រាល់​ថ្ងៃ​នោះ​ទេ​។ រឿង​សំខាន់​នោះ ប៉ូលីស​សេដ្ឋកិច្ច ក្រោម​បញ្ជា​របស់​លោក អ៊ុំ វណ្ណា តែងតែ​បាន​យក​តួនាទី​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើពុករលួយ ជាមួយ​បក្ខពួក​ឈ្មួញ​រកស៊ី​ខុសច្បាប់​ច្រើនជាង ការបង្ក្រាប​ទប់ ស្កាត់​បទល្មើស​ព្រៃឈើ​។​

​ទង្វើ​បែប​នេះ ក៍​បាន​ធ្វើឱ្យ​លោក អ៊ុំ វណ្ណា ក្លាយទៅជា​អ្នកមាន ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដែល​ត្រឹម​ឧកញ៉ា​ល្មមៗ មិន​មាន​ទ្រព្យសម្បត្តិ​ស្មើ ឬ​ប្រហាក់ប្រហែល លោក អ៊ុំ វណ្ណា ដ៍​អស្ចារ្យ​នោះទេ ។ ជាក់ស្តែង​លោក អ៊ុំ វណ្ណា បាន សាងសង់​ភូមិគ្រឹះ យ៉ាង​ស្កឹមស្កៃ​មួយ នៅជាប់​នឹង​មាត់ទន្លេ ក្រោយ​វត្ត​វាល​ស្បូវ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​មួយផ្នែកធំ នៃ​គ្រឿងសំណង់ និង​គ្រឿង​សង្ហា​រឹម នៅក្នុង​ភូមិគ្រឹះ​នោះ សុទ្ធ​តែ​ធ្វើ​ឡើង​ពី ប្រភេទ​ឈើ​ប្រណីត​ល្អៗ ដ៏​មាន​តម្លៃ​លំដាប់​សេដ្ឋី មានតម្លៃ​ខ្ទង់លាន​ដុល្លារ​ឯណោះ ។​/

um_vanna2

 

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​តាមដាន​សង្គម, ព័ត៌មានថ្មី, ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment