ខេត្តរតនគិរី ៖ លោក អ៊ុក សំអុល អភិបាលក្រុងបានលុង បានដឹកនាំកម្លាំងចម្រុះរបស់សាលាក្រុង ចុះជួនដំណឹងអាជីវករនៅជុំវិញផ្សារបានលុង ដើម្បីសុំធ្វើផ្លូវជុំវិញផ្សារ និងបាញ់ថ្នាំសញ្ញាក្រហមសំរាប់ធ្វើផ្លូវនៅពេលឆាប់ៗខាងមុខនេះ។
ការដឹកនាំកម្លាំងចុះទៅនោះគឺធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ ដោយលោកបានជំរាបទៅបងប្អូនថា សាលាក្រុងត្រូវធ្វើផ្លូវជុំវិញផ្សារ តើបងប្អូនយល់យ៉ាងណាដែរ ចំណែកឯប្រជាពលរដ្ឋ និងអាជីវកខាងលើនោះបានត្រេកអរ និងយល់ព្រមតាមសាលាក្រុងទាំងអស់ ហើយបងប្អូនអាជីវករទាំងនោះគ្រាន់តែសំណូមពរទៅលោកអភិបាលក្រុងវិញថា បើលោកធ្វើផ្លូវក៏ធ្វើចុះតែសូមឲ្យពួកយើងខ្ញុំអោយមានតូបលក់ដដែល ក្រែងធ្វើផ្លូវទៅវាបាត់តូបលក់ដូរសំរាប់ចិញ្ចឹមជីវិតរបស់ពួកគាត់។
លោកអភិបាលក្រុងក៏បានឆ្លើយតបទៅបងប្អូនវិញថា រឿងតូបលក់ដូរនោះលោកមិនអោយបាត់នោះទេ អ្នកណាលក់ត្រង់ណាតូបនោះមាននៅកន្លែងនោះដដែល។
ប្រជាពលរដ្ឋនិងអាជីវករខាងលើបានយល់ព្រម និងok តាមការស្នើសុំរបស់សាលាក្រុងចំងាយផ្លូវដែលត្រូវធ្វើនោះមានចំនួន៣៥០ម៉ែត្រ ហើយមានទទឹង៦ម៉ែត្រ ដោយចាក់ប៉េតុងដើម្បីងាយស្រួលរថយន្តតូចធំចូលដឹកទំនិញនិងរថយន្តអគ្គីភ័យ ព្រមទាំងបរិស្ថានអនាម័យទៀតផង ដោយផ្សារបានលុងសព្វថ្ងៃមានភួកជ្រាំ និងក្លិនស្អុយជុំវិញផ្សារនិងមិនមានរបៀបរៀបរយត្រឹមត្រូវទើបសាលាខេត្តបញ្ជាអោយសាលាក្រុងធ្វើបែបនេះដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ក្នុងខេត្តរតនគិរីទាំងមូល៕
ឡុង សារ៉េត