ជំនួញ​ឈើប្រណិត​ប្រភេទ​ធ្នុង​កំពុង​សម្រុក​ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​ព្រំដែន​ស្រុក​អូរយ៉ាដាវ -​ឡេ​ថាញ់​

ខេត្ត​រតនគិរី ៖ ជំនួញ​ឈើប្រណិត​ប្រភេទ​ធ្នុង​កំពុង​សម្រុក​ដឹកជញ្ជូន​យ៉ាងគំហុក​អាណាធិបតេយ្យ​ទៅ​ប្រទេស​វៀតណាម​តាម​រយៈ​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​ស៊េរី​ទំនើប​ដូចជា លុច្ស​ស៊ីស បា​ឡែន ធុន​ត្រា ឡង់​គ្រីស័រ ហាយ​ឡែន​ដ័រ​ជាដើ​មដឹក​ចេញពី​ក្រុង​បាន​លុង ខេត្ត​រតនគិរី​ឆ្ពោះទៅ​តាម​ផ្លូវជាតិ​លេខ​៧៨ ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​អូរយ៉ាដាវ ដើម្បី​លក់​នៅ​ប្រទេស​វៀតណាម ដោយ​មិន​ស្របច្បាប់​។​

​ប្រភព​ពី​ឈ្មួញ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយដឹងថា រថយន្ត​សាំ​យ៉ុង​ដឹក​ឈើប្រណិត​ចេញ​ទៅ​ច្រកព្រំដែន​អូរយ៉ាដាវ​គឺ​មាន​ដឹកឈើ និង​ខ្លះ​ទៀត​បង្កប់​ឈើប្រណិត​ដោយ​កែ​បាត​រថយន្ត​លាក់​ទុក​ឈើប្រណិត​នៅ​ខាងក្រោម​កៅអី​រថយន្ត និង​ឈើប្រណិត​ទាំងនោះ​លាក់​នៅ​ជញ្ជាំង​សង់ខាង​រថយន្ត កែ​ដំបូល​រថយន្ត​សាំ​យ៉ុង​ខាងលើ​ដើម្បី​ដាក់​ផ្ទុក​ឈើប្រណិត​ទាំងអស់នោះ​។ ឈ្មោះ​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ក៏​បាន​បង្ហើប​ប្រាប់​អ្នក​យក​ពត៌មាន​មេគង្គ​ប៉ុស្តិ៍​ថា ដោយសារតែ​ខ្លួន​ខឹង​ដល់​ពួក​មន្ត្រី នគរបាល​សមត្ថកិច្ច នៅតាម​ផ្លូវ​ដែល ឈរ​ចាំ​យក​លុយ​បង់​អោយ​គ្រប់​ជំនាញ​សមត្ថកិច្ច​នៅ​ទីនោះ ដោយ​រូបគេ​ដឹកជញ្ជូន​ឈើប្រណិត​តាម​រថយន្ត​សាំ​យ៉ុង ពី​ក្រុង​បាន​លុង​ឆ្ពោះ​ទៅ​ព្រំដែន​អូរយ៉ាដាវ ទៅ​លក់​នៅ​ប្រទេស​វៀតណាម បើ​គិត​ជា​ប្រាក់​ចំណេញ​ស្ទើរ​មិន​ចង់​រួច​ដើម​ផង​នោះ​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា ឈើប្រណិត​ប្រភេទ​ធ្នង់​ដែល​កំពុង​ដឹកជញ្ជូន​តាមរយៈ​ម៉ូតូ​ពី​ព្រៃ​ចូលមក​ក្នុង​ក្រុង​បាន​លុង​តាមផ្លូវ​ស្រុក​អូរ​ជុំ និង​ផ្លូវ​ភូមិ​តឺន ដើម្បី​ដឹក​ជញ្ជូន​មក​អោយ​ក្រុម​ឈ្មួញ ឡាន​សាំ​យ៉ុង និង​រថយន្ត​ស៊េរី​ទំនើប​ខាងលើ​។ រថយន្ត​ដឹក​ឈើប្រណិត​សាំ​យ៉ុង និង​ប្រភេទ​រថយន្ត​ស៊េរី​ទំនើប​ដែល​កំពុង​ដឹកជញ្ជូន​ឈើប្រណិត​យ៉ាង​គគ្រឹកគគ្រេង​អាណាធិបតេយ្យ​នោះ​ត្រូវ​គេ​ឃើញ​ថា នៅ​ក្នុង​មួយ​ថ្ងៃ​ដឹក​ជញ្ចូន​ឈើប្រណិត​យ៉ាងតិច​ពីរជើង ឯ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​វិញ​នោះ​ដឹកជញ្ជូន​ឈើប្រណិត ដឹក​បាន​៤​ទៅ​៥​ជើង​ក្នុង​រយៈពេល​១​ថ្ងៃ​។​

​ជុំវិញ​ករណី​ខាងលើ​នេះ​ផង​ដែរ​មាន​មន្ត្រី​មួយ​រូប​បាន​ខ្សឹប​ប្រាប់​អ្នក​សារពត៌មាន​យើង​អោយ​ដឹងថា រថយន្ត​ដែល​ដឹក​ឈើប្រណិត​ខុសច្បាប់​ទាំងអស់នោះ គេ​បាន​រត់ការ​បង់លុយ​ទៅ​អោយ​ខាង​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​និង​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧៨​ទាំង​នោះ​អស់​ទៅហើយ​។ គេ​ដឹក​ឈើ​បទល្មើស​តាម​រថយន្ត​ខាងលើ ទើប​គេ​មិន​បង្ក្រាប​។ រីឯ​សមត្ថកិច្ច​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​-​ឡេ​ថាញ់​សុទ្ធតែ​ត្រូវ​រ៉ូវ​គ្នា​អស់​ទៅហើយ​ដែរ ទើប​គេ​បើកភ្លើង​ខៀវ​អោយ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងកាត់ មិន​បង្ក្រាប​ដូច្នេះ អ្នករកស៊ី​ដឹក​ជញ្ជួន​ឈើប្រណិត​ល្មើសច្បាប់ មិន​ខ្លាច​ក្រុម​អ្នក​សារពត៌មាន​ចុះផ្សាយ​ឡើយ ព្រោះ​គេ​បាន​បង់លុយ​អោយ​សមត្ថកិច្ច​ក្នុង​ក្រុង ក្រៅ​ក្រុង​រហូត​ទៅ​ដល់​ព្រំដែន​ប្រទេស​វៀតណាម​ថ្នាក់​ធំ ថ្នាក់​តូច តាម​តួនាទី​អស់​ទៅហើយ ទើប​ពួកគេ​មិន​ខ្លាច​ក្រុម​អ្នក​សារពត៌មាន​ចុះ​ផ្សព្វផ្សាយ​នោះ​ទេ​៕
​ឡុង សារ៉េត​

 

2015_05_28jn2 (1) 2015_05_28jn2 (2)

Filed in: ព័ត៌មាន​តាមដាន​សង្គម, ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment