នាយទាហាន ពលទាហានមួយចំនួននៅអង្គភាព ៥០៦ បានឱ្យដឹងថា លោក យ៉ម មឿន មេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ៥០៦ រូបនេះ បានធ្វើជាកាងខ្នងបង្អែកឱ្យឈ្មួញឧក្រិដ្ឋកម្មព្រៃឈើសន្ធឹកសន្ធាប់នាំឈើគ្រញូងខុសច្បាប់ពី ទឹកដីសៀមចូលទឹកដីខ្មែរតាមច្រករបៀងនិងបើកឱ្យមានបទល្មើសធ្វើ អាជីវកម្មរ៉ែមាសខុសច្បាប់ នៅស្រុកភ្នំព្រឹកយ៉ាងពេញបន្ទុក ។
លោក យ៉ម មឿន ធ្វើអ្វីៗគិតតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនគិតពីសុខទុក្ខលំបាករបស់នាយទាហាន ពលទាហាន ក្រោមឱវាទនោះទេ។ ក្នុងនាមជាមេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ៥០៦ លោក យ៉ម មឿន តែងតែប្រើអំណាចគាបសង្កត់គំរាមកំហែងគ្រោតគ្រាតទៅលើនាយទាហានពលទាហានក្រោមឱវាទ យ៉ាងអសីលធម៌ គ្មានហេតុផល បណ្តាលឱ្យនាយទាហាននិងពលទាហានខ្លះសូមចូលនិវត្តន៍មុនកំណត់ ខ្លះទៀតសុំប្តូរអង្គភាព ហើយក៏មានអ្នករត់ចោលជួរជាបន្តបន្ទាប់ផងដែរ។
រឿងអាស្រូវរបស់លោក យ៉ម មឿន មេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ ៥០៦ ដែលមានទីតាំងនៅភូមិអូរកណ្តោល ភូមិសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវនាយទាហាន និងពលទាហានក្នុងអង្គភាពលាតត្រដាងជាសាធារណៈយ៉ាងអាម៉ាស់ ដើម្បីឱ្យរដ្ឋមន្ត្រី ក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធបានដឹងឮ ផងដែរ។
យោងតាមលិខិតមួយច្បាប់របស់នាយទាហាន និងពលទាហានវរសេនាតូចការពារព្រំដែនលេខ៥០៦ បានឱ្យដឹងថា លោក យ៉ម មឿន បានកាត់របបបន្ថែមរបស់នាយករដ្ឋមន្ត្រីដែលផ្តល់ឱ្យកូនទាហាន កាត់ប្រាក់ខែកងទ័ព និងយកដីអង្គភាពលក់ស្រេចតែក្បាលតាមអំពើចិត្ត។ ដូច្នេះលោក ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក៏ត្រូវពិនិត្យមើលបញ្ហានេះដែរ ដើម្បីកុំឱ្យលោក យ៉ម មឿន អាងអំណាចធ្វើបាបនាយទាហាន ពលទាហានក្រោមឱវាទរបស់ខ្លួន ស្រេចតែអំពើចិត្តតទៅទៀត។
នៅក្នុងលិខិតរបស់នាយទាហាននិងពលទាហានបានឱ្យដឹងថា លោក យ៉ម មឿន បានកាត់របបបន្ថែមដែលនាយករដ្ឋមន្ត្រី ផ្តល់ឱ្យកូនទាហាន បែងចែករបស់មិនត្រឹមត្រូវ ហើយយកទៅឱ្យប្រពន្ធចុងរបស់ខ្លួននៅស្រុកភ្នំព្រឹក យ៉ាងហូរហៀរ។ របបហូបចុកប្រចាំថ្ងៃរបស់កូនទាហាន នៃវរសេនាតូចការពារព្រំដែនលេខ៥០៦ និងគគាំទ្រមិនដែលបានបើកតាំងពីខែមករា ឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន មិនដឹងថាលោក យ៉ម មឿន យកទៅធ្វើអ្វីនោះទេ។ ជាងនេះទៅទៀត លោក យ៉ម មឿន បានយកដីទីតាំងកងទ័ពក្នុង ខ១គ២,ខ២គ២ និង ខ១គ១ បែងចែកលក់ដូរមិនតែប៉ុណ្ណោះគេ (យ៉ម មឿន)ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយគ្មានញញើតច្បាប់អ្វីទាំងអស់ ៕