ប្រភពបាន រិះគន់ថា តាំងពីថ្នាក់លើ នៅក្រសួង មហាផ្ទៃ បានតែង តាំងលោកសៅ ប៊ុនរិទ្ធ ឲ្យទៅធ្វើជាមេ នគរបាល អន្តោប្រវេសន៏ ប្រចាំនៅច្រកទ្ធារ អន្តរជាតិ – ប៉ោយប៉េត ខេត្តបន្ទាយមានជ័យ កាលណាម គាត់បានដឹកនាំ អង្គភាពនគរបាល អន្តោប្រវេសន៍ ប្រចាំនៅច្រកទ្ធារ អន្តរជាតិនេះ ឲ្យមានឈ្មោះល្បីល្បាញ ខាងបង្កបញ្ហា ឥតឈប់ឈរធ្វើឲ្យ ប្រជាពលរដ្ឋច្រើនឡើងៗ នាំគ្នាខឹងសម្បារ និងស្អប់ខ្ពើម កាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ។
បញ្ហានេះវាផ្ទុយទាំងស្រុង ទៅនឹងអនុក្រឹត្យលេខ ៦៨ អនក្រ-បក ចុះ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៣ ស្តីពីការប្រើប្រាស់ ប័ណ្ណឆ្លងដែន នៅតាមច្រក ព្រំដែនកម្ពុជា-ថៃ គឺរដ្ឋបានកំណត់ តម្លៃជូនពលរដ្ឋខ្មែរ ដែលរស់នៅតាមខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីឆ្លងដែនចូលប្រទេសថៃ ដូចជាទៅកាន់ ខេត្តស្រះកែវ ខេត្តប្រាជិនបុរី ក្នុងតម្លៃតែ ២ម៉ឺនរៀលប៉ុណ្ណោះ ។
តាមព័ត៌មានថា ក្នុងមួយថ្ងៃៗ មានប្រជាពលរដ្ឋខ្មែរ យ៉ាងតិចណាស់ពី ២០០ ទៅ៣០០នាក់ តែងបាននាំគ្នា ទៅធ្វើប័ណ្ណឆ្លងដែនពណ៌ស ពីកន្លែងនគរបាល អន្តោប្រវេសន៍ ប្រចាំនៅច្រកទ្ធារ អន្តរជាតិ – ប៉ោយប៉េត ដែលក្នុងប័ណ្ណនិមួយៗ ពួកគាត់ត្រូវបង្ខំចិត្ត ចំណាយលុយលុយពី ៤០៥ ទៅ ១៥០០បាត ទៅតាមតម្រូវការ ចង់បានប្រញាប់ «ឆាប់» ឲ្យបានទាន់ចិត្ត ឬក៍ត្រូវរង់ចាំ ទៅតាមដំណើរ «យូរ» … អត់ខុសពីល្បិច អ្នកធ្វើប៉ាស្ព័រនោះទេ ។
ក្រៅពីការគាបយកលុយ ថ្លៃធ្វើប័ណ្ណឆ្លងដែនពណ៌ស ទៅឲ្យពលករខ្មែរក្រីក្រ រាប់រយពាន់នាក់ ដែលធ្វើចំណាកស្រុក ចូលទៅរកការងារធ្វើ នៅក្នុងទឹកដីថៃនោះ សូម្បីតែពេលដែល បងប្អូនពលករខ្មែរ នាំគ្នាវិលត្រឡប់ ពីធ្វើការងារនៅថៃ ចូលមកកម្ពុជា ជាប្រទេសខ្លួនវិញ ក៍តែងកើតមានរឿង គេគាបយកលុយ ពីពួកគាត់ដែរ ។ មិនតែប៉ុណ្ណោះ មានឮព័ត៌មានថា លោកប្រធាន សៅ ប៊ុនរិទ្ធ ក៍ត្រូវប៉ាន់យ៉ាងខ្លាំង នឹងរឿងអនុញ្ញាតឲ្យ ពួកឈ្មួញនាំចូល នូវទំនិញគ្រប់ប្រភេទ តាមច្រករបៀង នៅពេលយប់ និងជាពិសេស ការអនុញ្ញាតឲ្យ ជនជាតិថៃរាប់សិប ឬរាប់រយនាក់ ចូលមកលេងល្បែង តាមកាស៊ីណូនានា នៅក្នុងទឹកដីខ្មែរ ក្បែរព្រំដែននោះ ទៀតផង ។ អញ្ចឹងទេ បងប្អូនប្រជាពលរដ្ឋ ជាច្រើនមជ្ឈដ្ឋាន បាននាំគ្នាសំណូមពរថា សូមឲ្យឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿនអគ្គស្នងការ នគរបាលជាតិ និងលោកឧត្តមសេនីយ៍ ប្រធាននាយកដ្ឋាននគរបាអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យមើល… ឬសូមកុំមើលរំលង នូវអំពើពុករលួយរបស់លោក សៅ ប៊ុនរិទ្ធ មេនគរបាល អន្តោ ប្រវេសន៍ ប្រចាំនៅច្រកទ្ធារ អន្តរជាតិ – ប៉ោយប៉េត នេះឲ្យសោះ… ព្រោះសុភាសិត បានទូន្មានថា ថ្វីត្បិតដែក អាចបង្កើតច្រេះ… តែច្រេះក៍អាចស៊ីដែក ឲ្យរលាយខ្ទេចខ្ទី វិញបានដែរ ឲ្យតែមានការធ្វេសប្រហែស… ។ បកប្រែមកថា បើថ្នាក់លើនៅតែ ឱបក្រសោបទុកលោក សៅ ប៊ុនរិទ្ធ ឲ្យធ្វើជាមេនគរបាល អន្តោប្រវេសន៍ ប្រចាំនៅច្រកទ្ធារ អន្តរជាតិ – ប៉ោយប៉េត ជាបន្តទៀត ដោយមិនដក គ្រវាត់ចោលនោះ ច្បាស់ណាស់ថា នឹងធ្វើឲ្យប្រជាពលរដ្ឋ កាន់តែខឹងសម្បារ និងស្អប់ខ្ពើម ខ្លាំងឡើងៗជាមិនខានឡើយ ហើយក៍អាចធ្វើឲ្យ ប៉ះពាល់ធ្ងន់ធ្ងរ ដល់ប្រជាប្រិយ៍ភាព របស់ថ្នាក់ដឹកនាំ នគរបាលជាតិ ឬថ្នាក់ដឹកនាំបក្ស នៃយើងទាំងអស់គ្នាដែរ ៕