ខេត្តព្រះសីហនុ ៖ លោក នុត លីឆូយជាប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំការនៅទីនោះ នៅតែមានសកម្មភាព នាំចូលទំនិញប្រភេទ គ្រឿងសំណង់ សម្បកកង់រថយន្ត គ្រឿងបន្លាស់ គ្រឿងម៉ាស៊ីន និងមានការនាំចូល ទូរស័ព្ទទំនើបៗ យ៉ាងគគ្រឹកគគ្រេងហើយការ នាំចូលទំនិញនោះ ដែលអនុវត្តន៍នៅទីនោះ ធ្វើទៅតាមរូបមន្តចាស់ដែល លោក ថោង សុខាំភូ ធ្លាប់បានប្រមូលលុយក្រោមតុ យកទៅអភិវឌ្ឍន៍មុខតំណែង គេមិនដែលឃើញថ្នាក់លើ ឬអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការស៊ើបអង្កេតនោះទេ។
ការនាំចូលទំនិញ ដែលសុទ្ធតែជាប្រភេទ ទំនិញត្រូវបង់ពន្ធថ្លៃៗ នៅតែមានសកម្មភាពដដែល ប៉ុន្តែការរឹតបន្តឹង ប្រមូលពន្ធឲ្យបាន១០០ ភាគរយ ក៏មិនបានជួយឲ្យចំណូលពន្ធ នៅច្រកផែ កែវផុស កើនឡើងនោះដែរ ដែលត្រង់ចំណុចនេះបង្ហាញយ៉ាងច្បាស់ថា អំពើពុករលួយដែលជំនាញគយ ជួយសម្របសម្រួល ឲ្យក្រុមឈ្មួញទាំងតូចទាំងធំ បង់ពន្ធមិនគ្រប់ នៅតែកើតមានយ៉ាងពេញបន្ទុកដដែល ទោះជាមានការរឹតបន្តឹង ព្រោះលោក នុត លីឆូយ មានជំនាញលួចបន្លំពន្ធ តាមជំនាញបច្ចេកទេស ដូចជាការក្លែងភេទទំនិញ ដែលត្រូវបង់ពន្ធខ្ពស់ មកជាការបង់ពន្ធទាប ហើយមានការបន្លំបរិមាណទំនិញជាដើម ដូចជាទូរស័ព្ទទំនើបៗ ដែលនាំចូលតាមច្រកផែកែវផុស គេក្លែងទៅជាប្រភេទទូរស័ព្ទចិន ដែលបង់ពន្ធទាបបំផុត មិនខ្វល់ពីការខាតបង់ ចំណូលថវិកាជាតិនោះទេ។
កាលពីសម័យលោក ថោង សុខាំភូ ធ្វើជាប្រធានការិយាល័យគយ ប្រចាំច្រកផែ កែវផុស លោក នុត លីឆូយ គឺជាអនុប្រធាន កាន់ផ្នែករដ្ឋបាល ដូច្នេះតិចនិចនៃការ ប្រព្រឹត្តអំពើពុករលួយ ក៏ដូចជាការលួចបន្លំពន្ធ តាមជំនាញបច្ចេកទេស ក៏លោក នុត លីឆូយ រៀនសូត្របានច្បាស់លាស់ និងស៊ីជម្រៅ ថែមទាំងមានទំនាក់ទំនងល្អ ជាមួយថ្នាក់លើ ទើបលោក នុត លីឆូយ អាចធ្វើអ្វីៗតាមតែទំនើងចិត្ត គ្មាននរណាដេញដោល។ ច្រកផែ កែវផុស គឺជាផែក្រុមហ៊ុនឯកជន របស់លោកឧកញ៉ា ម៉ុង ប្ញទ្ធី ដូច្នេះសមត្ថកិច្ច និងមន្ត្រីជំនាញមួយចំនួន ចាំបាច់ត្រូវតែអែបអប ឬមានការស្រុះស្រួលគ្នា ជាមួយម្ចាស់កំពង់ផែ ទើបអាចកាន់តំណែង នៅទីនោះបានយូរ ហើយពេលខ្លះទៀត ឈ្មួញដ៏មានអំណាច ធ្លាប់រកស៊ីដឹកជញ្ជូនទំនិញបង់ពន្ធមិនគ្រប់ តាមច្រកផែ កែវផុស ជាអ្នកចាត់ចែង ផ្តល់ផលប្រយោជន៍ ឲ្យជំនាញគយនិងសមត្ថកិច្ចពាក់ព័ន្ធ ទៅតាមទម្លាប់ចាស់។ លោក នុត លីឆូយ មិនដែលខ្វល់ខ្វាយអ្វីទេ ធ្វើយ៉ាងណាឲ្យតែគាត់ អាចជួយសម្របសម្រួល លួចបន្លំពន្ធឲ្យក្រុមឈ្មួញ នាំចូលទំនិញបង់ពន្ធមិនគ្រប់ គឺគាត់អាចទទួលបានកម្រៃជើងសា និងផលប្រយោជន៍ យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងរលូនល្អបំផុត។ គេចង់ឃើញ អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ ជាពិសេសអង្គភាព ប្រឆាំងអំពើពុករលួយ ត្រួតពិនិត្យមើល ការហូរចូលទំនិញបង់ពន្ធមិនគ្រប់ ដែលគេសង្ស័យថា ទំនិញរបស់ឈ្មួញធំៗខ្លះ បង់ពន្ធត្រឹមតែ ៥០ភាគរយប៉ុណ្ណោះ កើតឡើងដោយសារតែ គំនិតពុករលួយ របស់លោក នុត លីឆូយ។
រឿងបែបនេះ កើតឡើងដោយសារតែ មានការសម្របសម្រួលនិងបើកភ្លើងខៀវ ពីលោក នុត លីឆូយ ធ្វើឲ្យខាតបង់ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ ៕