នៅពេលដែលពីរាជរដ្ឋាភិបាលពុះបំបែកក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ជាពីរផ្សេងគ្នា គឺ ក្រសួង ឧស្សាហកម្ម និង សិប្បកម្ម និងក្រសួងរ៉ែនិងថាមពលរួចមក នៅខេត្តព្រះសីហនុ ក៏មានការពុះ បំបែកមន្ទីរនោះជាពីរ តាមក្រសួងដែរ ។ ហើយពេលនេះត្រូវប៉ាន់ លោក ប្រាក់ ចាន់រឿន អតីតជាប្រធានមន្ទីរឧស្សាហកម្មរ៉ែនិងថាមពល ខេត្តនេះ បែរជាឡើង បុណ្យត្រូវបានតែងតាំងជាអគ្គាធិការនៃក្រសួងរ៉ែនិងថាមពល ។ ចំណែកមន្ទីររ៉ែនិងថាមពល មកដល់ពេលនេះ មិនទាន់មានប្រធាន មន្ទីរទេ ប៉ុន្តែគេបានដឹងយ៉ាងច្បាស់ថា អ្នកដែលនឹងក្លាយជាប្រធានមន្ទីរថ្មីនេះ គឺជាកូនប្រុសរបស់លោក ប្រាក់ ចាន់រឿន ឈ្មោះ ប្រាក់ សំប្រាថ្នា មានអាយុ ២៥ ឆ្នាំ បច្ចុប្បន្នជាអនុប្រធានអង្គភាពរដ្ឋាករទឹកស្វយ័តខេត្តព្រះសីហនុ ដែលទើបនឹងកាន់ការងារនេះ បានមួយរយៈខ្លី ហើយត្រៀមឡើងជាប្រធានមន្ទីរតែម្តងព្រោះតែគាត់ជាមនុស្សស្និទ្ធរបស់លោករដ្ឋមន្ត្រី ស៊ុយ សែម ។
ប្រភពមន្ត្រីរាជការនៅក្នុងអតីតមន្ទីរឧស្សាហកម្មរ៉ែនិង ថាមពល បានសំដែងនូវការ មិនពេញចិត្ត នៅពេលទទួលដំណឹងនេះ ប៉ុន្តែអ្វីៗគឺបានត្រឹមតែឈឺចាប់ និងចុកឈាមមិនហ៊ានចេញមុខប្រឆាំងតវ៉ាទេ ព្រោះពួកគាត់បានដឹងពីទំនាក់ទំនងយ៉ាង ស្អិត រមួត រវាងលោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ស៊ុយ សែម និងលោក ប្រាក់ ចាន់រឿន ហើយដែលមានទំនាក់ទំនងមិនធម្មតា គឺប្រៀបបានដូចបងនិងប្អូនមិនមែនជាចៅហ្វាយនាយនិងកូនចៅទេ។
ដូចជាក្នុងខណៈពេលមិនទាន់មានការតែងតាំងប្រធានមន្ទីររ៉ែនិងថាមពលជាផ្លូវការនោះ ក្រុមមន្ត្រីចាស់ៗ នៅក្នុង មន្ទីរ ក៏បាន ទទូច សូមឱ្យ គណៈអភិបាលខេត្តព្រះសីហនុ ពិសេសលោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ស៊ុយ សែម មុន នឹងសំរេច តែង តាំងមន្ត្រីណាម្នាក់ ធ្វើជាប្រធានមន្ទីរ ត្រូវគិតឱ្យបានច្បាស់លាស់ ហើយត្រូវជៀសវាងនូវ អំពើ ពុករលួយ និងបក្ខពួកនិយម ឬគ្រួសារនិយម ។ ដូចជា ការលើកឡើងរិះគន់យ៉ាងចំៗ ពីសំណាក់មន្ត្រីថា មានការលើកបន្តុបកូនរបស់ លោកប្រាក់ចាន់រឿន ឈ្មោះប្រាក់សំប្រាថ្នាឱ្យឡើងធ្វើជាប្រធានយ៉ាងអូតូម៉ាតិចនោះ។
ភាពមិនប្រក្រតីក្រោយការបែកធ្លាយថា លោក ប្រាក់ ចាន់រឿន កាលនៅជាប្រធានមន្ទីរ ឧស្សាហកម្មរ៉ែ និងថាមពល ខេត្ត ព្រះ សីហនុធ្លាប់មានរឿងអាស្រូវពុករលួយនិងបក្ខពួកនិយមជាច្រើន។ ហើយអំពើពុករលួយនោះ រួមមាបើកដៃឱ្យឈ្មួញ ជីកកាយ អាចម៍ដីនៅក្បែរជើងភ្នំបូកគោ ស្ថិតក្នុងភូមិព្រែកទុលឃុំ ទឹកថ្លា ស្រុកព្រៃនប់ ដែលមានឧកញ៉ា ហាន់ ឃាង ជាអ្នកម៉ៅការ ចាក់ បំពេញ ដីលើផ្ទៃដីទំហំប្រមាណ ជាង៤០០ហិកតា ជូនក្រុមហ៊ុនសាង សង់រោងចក្រប្រេងកាត ដែលមានទីតាំងក្នុងភូមិសាស្ត្រ ខាងលើ ដោយក្នុងមួយថ្ងៃៗគេដឹកអាចម៍ដី រាប់ពាន់រថយន្ត បែនខ្នាតធំ ដោយពុំ មាន ច្បាប់ ពីក្រសួងរ៉ែនិងថាមពលនោះទេ ។ ហើយដែលជាហេតុមួយធ្វើឱ្យបាត់ចំណូលរដ្ឋ រាប់សែនដុល្លារ នៅឆ្នាំ២០១៣ និង បន្តមកឆ្នាំ២០១៤កន្លងមកនេះ។
តាមប្រភពផ្ទៃក្នុងគេបន្តទៀតថាកន្លងមកលោកប្រាក់ចាន់រឿនក៏បានបើកដៃឱ្យឈ្មួញកាយអាចម៍ ដីចាក់លុបសមុទ្រ ជាច្រើន កន្លែងដូចជានៅស្រុក ស្ទឹងហាវ ស្រុក ព្រៃនប់និងក្រុងព្រះសីហនុ ជាដើមក៏ដូចជា ក្នុងពេលថ្មីៗនេះ ហើយ ដែលឈ្មួញមួយរូប រហូតហ៊ានយកឈ្មោះ សម្តេចមួយនោះមកកាងចាក់ដីលុបសមុទ្រ ធ្វើជាគំរូអាក្រក់ឱ្យពលរដ្ឋមើលទៀតផង។ ជាងនេះ ទៅ ទៀត នោះគឺករណីឃុបឃិតជាមួយឈ្មួញបូមខ្សាច់ធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ។ ភាពមិនប្រក្រតីនោះ គឺ ប្រាក់ ចាន់រឿន បានបង្កើតគំរោងឃុបឃិត ទិញដីពីរដ្ឋ ដោយភាពមិនប្រក្រតី ស្ងាត់ៗ ជាមួយ លោក ស៊ុយ សែម ឱ្យទៅជាកម្មសិទ្ធិរបស់ ប្រាក់ ចាន់រឿន យ៉ាងស្ងាត់ស្ងៀមបំផុតរហូតបច្ចុប្បន្ន ដោយគ្មានថ្នាក់ ក្រោម ណាម្នាក់ហ៊ានក្អក ឡើយ ព្រោះតែខ្លាចគាត់ដកតំណែង ។
ក្រៅពីនោះលោកប្រាក់ ចាន់រឿន ក៏បានបើកដៃឱ្យក្រុមឱកាសនិយមដែលជាអ្នក មានទ្រព្យសម្បិត្ត និង អំណាចចាប់ដី លុប បឹងព្រែកទប់ដែលជាតំបន់ទឹកស្អាតក្រុងព្រះសីហនុ និងជាអាងទឹកដ៏សំខាន់ សំរាប់ផ្គត់ផ្គង់ទឹកស្អាតឱ្យរដ្ឋាករទឹកស្វយ័ត ខេត្ត ព្រះសីហនុពុះអង្កន់ចែកគ្នាចាក់ដីលុបធ្វើជាកម្មសិទ្ធិស្ទើររលាយបាតបឹងទៅហើយ។
គេនិយាយទៀតថា លោកប្រាក់ ចាន់រឿន បានបញ្ជូនកូនប្រុសពីរនាក់ក្នុងនោះម្នាក់ឈ្មោះ ប្រាក់ ចាន់វាសនា ឱ្យកាន់តួ នាទី ជាអនុប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរឧស្សាហកម្ម និងម្នាក់ទៀតឈ្មោះ ប្រាក់ សំប្រាថ្នា ឱ្យធ្វើជាអនុប្រធាន អង្គ ភាព រដ្ឋា ករទឹកស្វ័យតខេត្តទាំងវ័យក្មេង ។